សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក ស៊ីហ្គេមលើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ មិនត្រឹមតែជាព្រឹត្តិការណ៍នៃការប្រកួតកីឡា នោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់ជាតិទាំងមូល

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២មិនត្រឹមតែជាព្រឹត្តិការណ៍នៃការប្រកួតកីឡានោះទេ ប៉ុន្តែសម្រាប់កម្ពុជាយើងគឺជាមោទនភាពមួយដែលប្រជាជាតិយើងទាំងមូលរួមគ្នា មិនថាចាស់ មិនថាក្មេង មិនថាអ្នកនៅរាជធានីភ្នំពេញ ឬនៅជនបទទេ គឺតាមដាន និងគាំទ្រ ហេតុនេះហើយ គឺជាសមិទ្ធផលរួមនិងភាពជោគជ័យកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលយើងបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ។

សម្ដេចធិបតី បានមានប្រសាសន៍បន្តថា តាមការចងចាំរបស់សម្ដេចមកដល់ពេលនេះ ស៊ីហ្គេម និងប៉ារ៉ាហ្គេមគឺជាព្រឹត្តិការណ៍កម្រណាស់នៅកម្ពុជាយើងដែលទាក់ទាញ ការចាប់អារម្មណ៍ ការគាំទ្រពីប្រជាជនទូទាំងប្រទេសក្នុងពេលតែមួយ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «និយាយរួមព្រឹត្តិការណ៍អីក៏ដោយ ឧទាហរណ៍កីឡាអីក៏ដោយ បើសិនជា សូម្បីតែអ្នកដែលអត់ស្គាល់កីឡាក៏តាមមើលដែរ បានន័យថា ពិសេសហើយ ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេម ទាំងព្រឹត្តិការណ៍បើក ព្រឹត្តិការណ៍នៃការប្រកួតនេះប្រជាជនយើងទូទាំងប្រទេសមិនថាអ្នកចូលចិត្តវិស័យកីឡាឬសូម្បីតែនៅក្នុងផ្ទះខ្ញុំក៏អញ្ចឹងដែរ គ្រួសារខ្ញុំអត់ធ្លាប់លេងកីឡាបាល់ទះអីទេ ប៉ុន្តែដល់ម៉ោងកីឡាកម្ពុជាប្រកួតគឺគាត់អត់ឱ្យខ្ញុំដូរប៉ុស្តិ៍ទេ»។

សូមរំឭកថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៨១ មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ រីឯព្រឹត្តិការណ៍ ASEAN Paragames លើកទី១២ ឆ្នាំ២០២៣ កម្ពុជាទទួលមេដាយសរុប ចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៩ មេដាយប្រាក់ ចំនួន ១៨ និងមេដាយសំរឹទ្ធ ចំនួន ៤៤ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner