ប្តីប្រពន្ធមួយគូស្លាប់ ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិកទ័រនៅហ្វីលីពីន

ម៉ានីល៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៧រ៉ិកទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យប្តីប្រពន្ធមួយគូបាត់បង់ជីវិត ខណៈដែលមនុស្សម្នាជាច្រើនរត់ភៀសខ្លួនចេញក្រៅអគារ ហើយផ្នែកខ្លះនៃពិដានផ្សារទំនើបបានបាក់រលំ។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះរញ្ជួយដីនេះ មិនបានធ្វើឱ្យមានរលកយក្សស៊ូណាមិទេ បន្ទាប់ពីបង្កការញ័ររញ្ជួយនៅខេត្តសារាំងហ្គានី នៅលើកោះមិនដាណាវ ភាគខាងត្បូង ក្នុងជម្រៅ ៧៨គីឡូម៉ែត្រ។

ប៉ូលិសក្រុងបាននិយាយថា បុរសម្នាក់ និងប្រពន្ធរបស់គាត់ត្រូវបានគេប្រទះឃើញស្លាប់ នៅក្រោមជញ្ជាំងបេតុង នៅខាងក្រៅរោងចក្រឈើមួយកន្លែង ក្បែរទីក្រុង General Santos ជាទីដែលពួកគេធ្វើការ។ សាក្សីម្នាក់បានប្រាប់សារព័ត៌មាន AFP យ៉ាងដូច្នេះថា ខ្ញុំគិតថា វាជាការរញ្ជួយដីដ៏ខ្លាំងបំផុតមួយ ដែលខ្ញុំធ្លាប់ជួប្រទះ។ មនុស្សម្នានៅជុំវិញខ្លួនខ្ញុំ ភ័យស្លន់ស្លោ ហើយរត់ចេញទៅខាងក្រៅ។

គួរបញ្ជាក់ថា ហ្វីលីពីនងាយនឹងជួបគ្រោះមហន្តរាយធម្មជាតិ ដោយសារតែប្រទេសមួយនេះ ស្ថិតនៅលើចំណុចរញ្ជួយសកម្ម នៃមហាសមុទ្រប៉ាស៊ីហ្វិក។ គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់ ហើយជាមធ្យមប្រទេសអាស៊ានមួយនេះ ក៏ជួបប្រទះនឹងព្យុះទីហ្វុងចំនួន ២០លើកក្នុងមួយឆ្នាំៗ ដែលពេលខ្លះបង្កឱ្យមានការរអិលបាក់ដីផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner