ពិធីបុណ្យកាំជ្រួច នៅមីយ៉ានម៉ាស្ថិតក្នុងភាពស្ងប់ស្ងាត់ ខណៈការប៉ះទង្គិចគ្នាកាន់តែរីករាលដាល
ណៃពិដោ៖ ពិធីបុណ្យកាំជ្រួចនៅប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តទៅដោយគ្មានសម្លេងខ្លាំងៗ ដូចមុន ខណៈដែលការប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធ កាន់តែរីករាលដាល នៅទូទាំងប្រទេស។
ពិធីបុណ្យកាំជ្រួច ឈ្មោះថា តាហ្ស័ងដេង (Tazaungdaing) ត្រូវបានរៀបចំឡើង នៅទីក្រុង តុងជី (Taunggyi) នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។ ជាការរៀបចំឡើងវិញ បន្ទាប់ពីបានផ្អាក អស់រយៈពេល៣ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ និង ភាពចលាចល ក្រោយការដណ្តើមអំណាចមកវិញ របស់ពួកយោធា កាលពីឆ្នាំ២០២១។
យ៉ាងណាមិញ ពិធីបុណ្យដែលរៀបចំ ជាប៉េងប៉ោងខ្យល់ក្តៅ ដែលមានភ្លើងចែងចាំង ហើយបាញ់កាំជ្រួចហោះឡើងលើមេឃ នាពេលយប់ បានប្រព្រឹត្តទៅដោយមានការបិទសំឡេងខ្លាំងៗ ព្រោះតែការប៉ះទង្គិចគ្នាប្រដាប់អាវុធ បានរីករាលដាល នៅទូទាំងប្រទេស។
លោក នូ នូសេន (Nu Nu Sein) ជាអ្នករស់នៅក្នុងទីក្រុង តុងជី និយាយថា «ពិធីបុណ្យនេះ ធ្លាប់មានមនុស្សច្រើនណាស់ កាលពីអតីតកាល»។
លោក នូ នូសេន បានបន្តថា «ខ្ញុំត្រូវបានគេស្នើ កុំឱ្យទៅកន្លែង ដែលមានមនុស្សច្រើន..ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា មានសន្តិភាព និងសុភមង្គល.. ខ្ញុំប្រាថ្នាមិនមាននរណាម្នាក់ ជួបនឹងស្ថានភាពបែបនេះទេ»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បែបនេះ ជាធម្មតា មានភាពសកម្មនិងរស់រវើក ខ្លាំងជាងនេះឆ្ងាយណាស់។ កាលពីពេលរៀបចំលើកមុនៗ គេឃើញក្រុមរៀបចំកាំជ្រួចដាក់ចូលទៅក្នុងប៉េងប៉ោងខ្យល់ក្តៅដែលកែច្នៃដោយខ្លួនឯង ហើយមានទាំងអាជ្ញាកណ្តាលធ្វើការវិនិច្ឆ័យលើការរចនា និងភាពអស្ចារ្យនៃការផ្ទុះពីលើអាកាសរបស់កាំជ្រួចទាំងនោះ។
ប៉ុន្តែ ការប្រារព្ធពិធី នៅឆ្នាំនេះ សម្បូរវត្តមានដ៏ច្រើននៃកម្លាំងសន្តិសុខ ដែលត្រូវបានដាក់ពង្រាយ ខណៈដែលក្រុមយោធាបាននិងកំពុងប្រយុទ្ធជាមួយនឹងក្រុមប្រដាប់ដោយអាវុធ ដែលប្រឆាំងនឹងរដ្ឋប្រហាររបស់ពួកយោធា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត