សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា កត់សម្គាល់ពីភាពជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖លើបណ្ដាញសង្គមតេឡេក្រាមនាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះសារចំនួនពីរដែលមានខ្លឹមសារស្រដៀងគ្នាទាក់ទងទៅនឹងព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់ទៅនេះ។
សារទីមួយ សម្ដេចធិបតី សរសេរថា “ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី ” ។
សម្ដេចធិបតីបន្តថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត ។
សម្ដេចធិបតីបញ្ជាក់ថា “ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដល់ក្រុមការងារ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ខ្ពស់ ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅនៃកម្មវិធី និងការសម្អាត ដោយធានាបាននូវសោភ័ណភាព និងអនាម័យ ។
ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង “។
ក្នុងសារទីពីរ សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាសរសេរថា”ខ្ញុំនិងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ”។
ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។
សម្ដេចធិបតីបន្តថា “ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ។
ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។
ខ្ញុំក៏សូមអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកំសាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋយើង៕ដោយ៖ពលជ័យ