អ្នកវិនិយោគ នៅក្នុងវិស័យស្វាយចន្ទីជាង ៥០០នាក់ មកពីជុំវិញ ពិភពលោក នឹងជួបជុំគ្នានៅក្នុងសន្និសីទស្វាយចន្ទីពិភពលោក នៅកម្ពុជា

ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា អ្នកវិនិយោគនៅក្នុងវិស័យស្វាយចន្ទីជាង ៥០០នាក់ មកពីស្ទើរគ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក នឹងមកជួបជុំគ្នានៅក្នុងសន្និសីទស្វាយចន្ទីពិភពលោក នៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

នៅក្នុងពិធីបើកដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅកម្ពុជា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កុក ធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងថា កម្មវិធីសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០នេះ នឹងរៀបចំនៅថ្ងៃទី១ ដល់ទី៣ ខែកុម្ភៈឆ្នាំ២០២៤ ។

លោកបានប្រាប់ឱ្យដឹងទៀតថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមស្វាយចន្ទីកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួម សន្និសិទ ស្វាយចន្ទីពិភពលោក (World Cashew Conference) នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ដើម្បីផ្សព្វផ្សាយពីសក្តានុពល ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។

លោបានបញ្ជាក់ថា ៖ «នាសន្និសីទនោះ សសក ស្វែងរកទីផ្សារគ្រាប់កែច្នៃ ទៅកាន់ទីផ្សារអារ៉ាប់ អឺរ៉ុប និងអាមេរិក។ ដូច្នេះនៅក្នុងសន្និសីទលើកនេះ ក៏ដូចគ្នាដែរ យើងរំពឹងថា យើងនឹងអាចស្វែងរកបានដៃគូវិនិយោគថ្មីៗ ដើម្បីជំរុញការកែច្នៃសម្រាប់ការនាំចេញ ប្រសើរជាងការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាម»។

លោក កុក ធាន បានបន្ថែមថា កម្ពុជា គឺជាប្រទេសដែលដាំដុះស្វាយចន្ទីច្រើនជាងគេទី២ បន្ទាប់ពីប្រទេសកូឌឺវ័រ នៅតំបន់អាហ្រ្វិក តែគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា គឺល្អជាងគេ ដែលនេះជាកត្តាសំខាន់ ដែលរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជំរុញការកែច្នៃ តារយៈខ្សែច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែម។
«យើងមានបំណងចង់ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាខេត្តកសិ-ឧស្សាហកម្មលើដំណាំស្វាយចន្ទីដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្នខេត្តនេះ ជាខេត្តដែលមានការដាំដុះដំណាំ ស្វាយចន្ទីច្រើនជាងគេផងដែរ»។ លោក កុក ធាន បានបញ្ជាក់បន្ថែម។

នាឱកាសនោះដែរ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងឱ្យដឹងដែរថា ក្រសួងពាណិជ្ជកម្ម គ្រោងនឹងសហការ ជាមួយ នឹងសហព័ន្ធស្វាយចន្ទី, ក្រុមហ៊ុនឯកជន ដើម្បីរៀបចំសន្និសីទ ស្វាយចន្ទីពិភពលោក លើកទី១០ នាដើមខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ នាខេត្តសៀមរាប។

លោកបានមានប្រសាសន៍ថា ៖ «កម្មវិធីនេះ នឹងជួយជំរុញការ ផ្សព្វ ផ្សាយដល់សាធារណៈជន អាជីវករ ពាណិជ្ជករ អ្នកធុរកិច្ច ទាំងក្នុង និងក្រៅស្រុកឱ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ពីសក្តានុពលស្វាយចន្ទីកម្ពុជា និងទាក់ទាញដៃគូពាណិជ្ជកម្ម អ្នកទិញ អ្នកវិនិយោគ និងអ្នក កែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញ សំដៅលើក កម្ពស់ការប្រកួត ប្រជែង ពិសេសជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាបន្ន»។

ជាមួយគ្នានោះដែរ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងដែរថា វេទិកាស្វាយចន្ទី ដែលនឹងរៀបចំនាប៉ុន្មានថ្ងៃខាងមុខនេះ គឺជាអ្វីដែលក្រសួងរៀបចំ ដើម្បីត្រៀម និងឈានទៅដល់ការរៀបចំសន្និសីទស្វាយចន្ទី ពិភពលោកនាពេលខាងមុខផងដែរ។

កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា តាមរយៈគំនិតផ្តួចផ្តើមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និង ឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជា និងឈានទៅពង្រីកសក្តានុពល នៃវិស័យនេះឱ្យបានកាន់តែទូលំទូលាយ។

កញ្ញាបានបញ្ជាក់ថា ៖ «យើងរំពឹងថា ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់ នូវការយល់ដឹងទូលំទូលាយពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទី ស្របទៅតាមគោលនយោបាយ ជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលដាក់ចេញ ដោយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញឱ្យកម្ពុជា ឈានទៅជាអធិរាជ ស្វាយ ចន្ទី ហើយវាក៏ជាការខិតខំប្រឹងប្រែង របស់យើង ដើម្បីត្រៀម រៀបចំសន្និសីទស្វាយចន្ទីពិភពលោកនាពេលខាងនេះដែរ»។

អ្នកនាំពាក្យដដែលបានបន្ថែមថា នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងសមាគមស្វាយចន្ទីកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំវេទិការជាតិស្វាយចន្ទី ដែលជាផ្នែកមួយ ដើម្បីរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត។

បើតាមសមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៦៥១ ០០០ តោន នៅក្នុងនោះបាននាំចេញទៅវៀតណាម ក្នុងចំនួន ៦១៥ ០០០តោន ស្មើទឹកប្រាក់ ៨៣១ លានដុល្លារអាមេរិក ដែលថយចុះ ១៦,៧ភាគរយ បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។ ចំពោះតម្លៃវិញ ជាមធ្យមគ្រាប់ស្ងួត មានតម្លៃ១ ៦៥៨ ដុល្លារ ក្នុង១តោន។ ដោយឡែកពីខែតុលាមក គ្រាប់ស្ងួតតម្លៃ ៧ ០០០រៀល-៧ ៥០០រៀល ក្នុង១គីឡូក្រាម ឬ១ ៩០០ ដុល្លារ ក្នុង១តោន ដែលតម្លៃនេះជាតម្លៃល្អ បើធៀបនឹងពេលកន្លងទៅ៕

ដោយ៖ វណ្ណ សុជាតា
CPA

ads banner