ទីបំផុត ក្រុមសង្គ្រោះជួយជីវិតកម្មករសំណង់ ៤១នាក់ ដែលជាប់ក្នុងរូងក្រោមដីដោយជោគជ័យ

ញូវដែលី៖ បន្ទាប់ពីជាប់នៅក្នុងផ្លូវរូងក្រោមដីអស់ពេល ១៧ថ្ងៃ នៅទីបំផុតកម្មករសំណង់ទាំង ៤១នាក់ត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំដោយជោគជ័យ។ ជាមួយគ្នានេះ ក្រុមកម្មករបានពណ៌នាអំពីភាពភ័យរន្ធត់ និងទុក្ខលំបាករបស់ពួកគេ ព្រមជាមួយក្តីសង្ឃឹម និងការអធិស្ឋានដែលធ្វើឱ្យពួកគេរឹងមាំ។

កម្មករសំណង់ទាំង ៤១នាក់ ដែលត្រូវបានជួយសង្គ្រោះចេញពីផ្លូវរូងក្រោមដីដោយជោគជ័យ បន្ទាប់ពីប្រតិបត្តិការវិស្វកម្មរយៈពេល ១៧ថ្ងៃ បានទទួលការស្វាគមន៍ និងអបអរសាទរជាមួយការពាក់កម្រងផ្កា ពីសំណាក់អភិបាលរដ្ឋអ៊ុតតារ៉ាខាន់។

ជាមួយគ្នានេះ ក្រុមវេជ្ជបណ្ឌិតរាប់សិបនាក់ រួមមានទាំងគ្រូពេទ្យចិត្តសាស្រ្ត បាននៅនឹងកន្លែងកើតហេតុ ដើម្បីពិនិត្យសុខភាពកម្មករ ដែលទើបចេញពីផ្លូវរូងក្រោមដី មុនត្រូវរថយន្តពេទ្យដឹកចេញ។ ជាសំណាងល្អ ក្រុមកម្មករទាំង ៤១នាក់នៅមានសុខភាពល្អ ពីព្រោះពួកគេមានភ្លើងក្នុងរូងក្រោមដី ស្បៀងអាហារ ទឹកបរិភោគ និងខ្យល់អុកស៊ីសែន ដែលត្រូវបានបញ្ជូនចូលតាមបំពង់ដោយក្រុមជួយសង្គ្រោះ។

សូមជម្រាបថា កម្មករសំណង់ឥណ្ឌាទាំងអស់ ៤១នាក់ ដែលបានជាប់នៅក្នុងផ្លូវរូងក្រោមដីមួយកន្លែងសង់នៅក្រោមភ្នំ ដែលបានបាក់រលំអស់រយៈពេល ជាង ១៧ថ្ងៃមកនេះ ត្រូវបានជួយង្រ្គោះដោយសុវតិ្ថភាព ក្រោយក្រុមអ្នកជួយសង្រ្គោះប្រឹងប្រែងខួងបំបែកគំនរបែកបាក់នៃថ្ម បេតុង និងភក់ ដើម្បីស្វែងរក កម្មករទាំងនេះ។

ក្រុមអ្នកជួយសង្រ្គោះបានយកកម្មករទាំងអស់ចេញមកខាងក្រៅដោយសុវត្ថិភាព កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយពួកគេជាប់នៅក្រោមផ្លូវរូងក្រោមដីមួយ ស្ថិតនៅក្រោមជួរភ្នំហិរម៉ាល័យ នៅក្នុងរដ្ឋអ៊ុតតារ៉ាខាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner