សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូក បានប្រព្រឹត្តទៅ ដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតំម្លៃខ្ពស់ចំពោះព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហា គ្រួសារខ្មែរ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈតេឡេក្រាមរបស់សម្តេច ដោយសម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការ ទទួលខុស ត្រូវខ្ពស់ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅនៃកម្មវិធី និងការសម្អាត ដោយធានាបាននូវសោភ័ណភាព និងអនាម័យ។

សម្តេចធិបតី បានបញ្ជាក់ថា ៖ «ភាពជោគជ័យនេះអាចសម្រេចទៅបាន ដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសយរីករាយបំផុត»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែង អំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្បករ សិល្បការីនីទាំងអស់ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ «ខ្ញុំ និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនបរទេសដែលមានវត្តមាននៅ កម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ»។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរចំពោះគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការិនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះ មានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយ សម្រាប់ទូកនីមួយៗ។

សម្តេចធិបតី ក៏បានអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុន ឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋបានទស្សនា ក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។

ទាក់ទងនឹងព្រះរាជពិធីបុណ្យអុំទូកនេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា ក៏បានលើកឡើងឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដែរថា ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកគឺជាសមិទ្ធផល ដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលម្ពុជា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម បានសរសេរលើបណ្តាញតេឡេក្រាមថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគ ជ័យ។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់ បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញនិ ងតាមបណ្តា ខេត្តក្រោមម្លប់សុខសន្តិភាព ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង ក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។

បើតាមឯកឧត្តម ប៉ែន បូណា ភាពអធិកអធម និងជោគជ័យ នៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះមានអត្ថន័យ ច្រើនយ៉ាង ដូចជាការធានាបាននូវ សុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ចដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការ កម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស, ភាពជោគជ័យនៃវិស័យទេសចរណ៍, ប្រជាពលរដ្ឋមានជីវភាពធូរធា និងទទួលបានការសប្បាយរីករាយ មានស្នាមញញឹមប្រកបដោយ ក្តីសង្ឃឹមចំពោះជោគវាសនាអនាគតរបស់ខ្លួន ជាដើម។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ៖ «ទាំងនេះជាសមិទ្ធផល ធំធេង មួយទៀតមិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹម តែរយៈពេលជាង ៩០ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះនឹងត្រូវកត់ត្រា បន្ថែមពីលើ សមិទ្ធផល ជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិទី៧សម្រេចបានជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និង ដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន»។

ជាមួយគ្នានោះដែរ លោក ជ័យ តិច អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច បានថ្លែងឱ្យដឹងដែរថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺជាកម្មវិធីមួយដ៏សប្បាយរីករាយបំផុត បន្ទាប់ពីខកខាន ប្រារព្វ ធ្វើអស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយក្នុងនោះមានទាំងទូក និងប្រជាពលរដ្ឋបានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។
ប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ បានដើរលេងកម្សាន្តនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍នានាដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាដើម ប្រកបដោយសន្តិសុខ និងសុវត្ថិភាព។

លោកបានបន្តទៀតថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានចូលរួមចំណែកយ៉ាង សំខាន់ទាំងសេដ្ឋកិច្ច និងប្រពៃណីរបស់ប្រទេសកម្ពុជា ជាមួយនឹងការរៀបចំបានយ៉ាងល្អរបស់រាជរដ្ឋាភិបាល ដែលនេះបង្ហាញពីប្រទេសដែលមានសន្តិភាព និងការអភិវឌ្ឍន៍ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូធារ អាចដើរលេងកម្សាន្តនៅតាមបណ្តារាជធានីខេត្តនានា។

លោក ជ័យ តិច បានថ្លែងថា ៖ «ការរៀបចំព្រះរាជពិធីបុណ្យ អុំទូកនាឱកាសនេះ ក៏ជាការបង្ហាញនូវការរក្សាបានវប្បធម៌ ប្រពៃណី សាមគ្គីភាព និងភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ហើយលើសពីនេះ ទៀត វាបានជួយលើកស្ទួយសេដ្ឋកិច្ច ព្រោះពិធីនេះបានធ្វើឱ្យមានចរន្តសាច់ប្រាក់ និងការលក់ដូរផលិតផល របស់សហគ្រាសធុនតូច និងធម្យម មានចរាចរណ៍ផងដែរ»។

លើសពីនេះទៀត លោក ជ័យ តិច ថា ព្រះរាជពិធីបុណ្យអុំទូក បានរួមចំណែកដល់ការទាក់ទាញ និងធ្វើឱ្យវិស័យទេសចរណ៍ របស់កម្ពុជា ងើបឡើងវិញនូវទេសចរក្នុងស្រុក និងក្រៅស្រុក៕

ដោយ ៖ គឹម យុត្ថារ៉ូ
CPA

ads banner