ទីភ្នាក់ងារអវកាសជប៉ុនរងការវាយប្រហារតាមអ៊ិនធឺណិត

ជប៉ុន៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន បានរងការ វាយប្រហារតាមអ៊ិនធឺណិត ប៉ុន្តែពួកហ៊ែកឃឺរមិនអាចចូលប្រើទិន្នន័យសំខាន់ៗ ដែលរួមបញ្ជូលទាំងព័ត៌មានស្ដីពីប្រតិបត្តិការរ៉ុក្កែត និងផ្កាយរណបនោះទេ។

នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យរបស់ភ្នាក់ងារនាថ្ងៃពុធ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីអ្នកនាំពាក្យទីភ្នាក់ងារ រុករកអវកាសជប៉ុន (JAXA) ដែលបាននិយាយថា៖ «មានលទ្ធភាពនៃការចូលប្រើទិន្នន័យដោយគ្មានការអនុញ្ញាត ដោយការឆ្លៀតឱកាសលើភាពងាយរងគ្រោះនៃឧបករណ៍បណ្តាញ»។

មន្រ្តីនាំពាក្យដដែលនិយាយទៀតថា ទីភ្នាក់ងារអវកាសបានដឹងពី លទ្ធភាពនៃការចូលប្រើទិន្នន័យដោយគ្មានការអនុញ្ញាត បន្ទាប់ពី ទទួល បានព័ត៌មានពីអង្គការខាងក្រៅ ហើយធ្វើការស៊ើបអង្កេតផ្ទៃក្នុង។

យ៉ាងណាមិញ អ្នកនាំពាក្យដដែលបដិសេធសុំមិនបញ្ជាក់ព័ត៌មាន លម្អិតផ្សេងៗ រួមមានថាតើការវាយប្រហារកើតឡើង ពិតប្រកដ ពេលណា ក្រុមហ៊ែកឃឺរណាមួយជាប់ការសង្ស័យថា នៅពី ក្រោយសកម្មភាពបែបនេះ ឬថា តើអង្គការខាងក្រៅណាដែលផ្ដល់ ព័ត៌មាន ឱ្យភ្នាក់ងារអវកាសស្ដីពីការវាយប្រហារ នោះទេ។

អ្នកនាំពាក្យបានបន្ថែមថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធកំពុងស៊ើប អង្កេតបញ្ហានេះ ហើយស្វែងរកការកំណត់អត្តសញ្ញាណប្រភព នៃការវាយប្រហារ វិសាលភាពនៃការខូចខាត និងភាពងាយរងគ្រោះ ណាមួយ នៅក្នុងប្រព័ន្ធសន្តិសុខរបស់ទីភ្នាក់ងារនេះ។

គួរគូសបញ្ជាក់ថា JAXA ស្ថិតក្នុងចំណោមក្រុមហ៊ុន និងវិទ្យាស្ថាន ស្រាវជ្រាវ ប្រហែល ២០០ ដែលរងគ្រោះដោយការវាយប្រហារតាម អ៊ិនធឺណិតទ្រង់ទ្រាយធំក្នុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ដែលគេជឿថា ធ្វើឡើងដោយក្រុមចារកម្មចិន ក្រោមការដឹកនាំរបស់កងទ័ពរំដោះ ប្រជាជន។

ភ្នាក់ងារ JAXA ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ តាមរយៈការច្របាច់ បញ្ចូលគ្នានៃអង្គភាពអវកាស និងយានអវកាសចំនួន៣ ដើម្បីគ្រប់គ្រង កម្មវិធីអវកាសរបស់ប្រទេស រួមទាំងការបាញ់បង្ហោះផ្កាយរណប និងរ៉ុក្កែត៕

ដោយ ៖ ហួន ឌីណា
CPA

ads banner