ឯកឧត្តម យ៉ង សាំងកុមារ៖ មានការងារ៦ ដែលខ្ញុំបានធ្វើ និងកំពុងអនុវត្តក្នុងរយៈពេល១ឆ្នាំនេះ ក្រោយការសម្រេច ចូលរួមការងារជាមួយគណបក្សប្រជាជន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងរយៈពេល ១ឆ្នាំ ដែលលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បាន និងកំពុងបំពេញការងារសំខាន់ៗចំនួន៦ ដើម្បីចូលរួមចំណែកអនុវត្តកម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ជាពិសេសការគាំទ្រដល់មន្ត្រីកសិកម្មឃុំ ក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើប្រជាកសិករ។

តាមរយៈលិខិតរបស់ ឯកឧត្តម យ៉ង សាំងកុមារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសរសេរថា ៖ «កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីឯកឧត្តម ឌិត ទីណា រដ្ឋមន្តី្រក្រសួងកសិកម្ម ខ្ញុំបាទ និងឯកឧត្ដម ឡឹក សុធារ ទទួលបានឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយផ្តោតលើការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា»។

សំណេររបស់ឯកឧត្តមបានបញ្ជាក់ទៀតថា ៖ «ការងារសំខាន់ៗ ដែលខ្ញុំ រួមជាមួយឯកឧត្តម ឡឹក សុធារ និងឯកឧត្តម ខាត់ សុធី បន្តទទួលខុសត្រូវ ដឹកនាំ និងចូលរួមអនុវត្តមាន៦ ដូចជា៖ ១. ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ចំនួន១៦០០ នាក់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីឃុំដែលមាន សក្តានុពល ដំណាំស្រូវចំនួន ២៥០ឃុំ នៅឆ្នាំ២០២៣។ 2. ដឹកនាំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដើម្បីអនុវត្តកម្មវិធីគោល នយោបាយអាទិភាពទី៥ ស្តីពី យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ ផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ»។

ឯកឧត្តមបានបន្តទៀតថា ការងារទី ៣. បន្តដឹកនាំការងារអភិវឌ្ឍន៍វិស័យស្រូវអង្ករ ដោយផ្តោតលើការកសាងប្រព័ន្ធពូជសុ ទ្ធ, ៤. បន្តដឹកនាំអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅខេត្តព្រះវិហារ ជាពិសេសឱ្យក្លាយទៅជា ខេត្តឈានមុខគេខាងវិស័យកសិកម្មសរីរាង្គ, ៥. ចូលរួមអនុវត្តការងារអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងទី៦. បន្តដឹកនាំតម្រង់ទិសគម្រោងសហការជាមួយដៃគូអភិវឌ្ឍន៍។

ឯកឧត្តម យ៉ង សាំងកុមារ បានបន្ថែមពីលើការងារដែលមានស្រាប់នេះ ឯកឧត្តមក៏គ្រោងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម លើការងាររៀបចំឱ្យមានសារៈមន្ទីរកសិកម្ម និងការពង្រីកវិស័យកសិទេសចរណ៍ ដើម្បីផ្ដល់ឱកាសទីផ្សារ និងបង្កើតការងារជូនកសិករ និងសេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ដើម្បីសម្រេចការងារទាំងនេះបានជោគជ័យ យើងខ្ញុំនឹងខិតខំ និងបង្កើនការចូលរួមដឹកនាំ តម្រង់ទិសដល់គម្រោង សហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអនុវត្តកម្មវិធីគោល នយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម របស់រាជរដ្ឋាភិបាល ជាពិសេសការគាំទ្រដល់មន្ត្រីកសិកម្មឃុំ ក្នុងការបំពេញតួនាទី របស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើប្រជាកសិករ»។

ឯកឧត្តមបានបន្តថា ជារួមតាមរយៈការងាររយៈពេល ១ឆ្នាំ ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា លោកទទួលបានឱកាស ការផ្តល់ទំនុកចិត្ត និងការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើសពីការរំពឹងទុក។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅ ឯកឧត្តម ឌិត ទីណា បានលើកឡើងដែរថា បច្ចុប្បន្ន ក្រសួងក៏បាននិងកំពុងអនុវត្តសកម្មភាព ការងារសំខាន់ៗមួយចំនួនទៀតផងដែរ។

ឯកឧត្តម ថា ក្នុងនោះមានដូចជា៖ ការដាក់ពង្រាយសាកល្បងនូវនិស្សិតកសិកម្មស្ម័គ្រចិត្តចំនួន២០០នាក់ នៅតាមបណ្តាខេត្តចំនួន១៤ នៅទូទាំងប្រទេស, ការជំរុញអនុវត្តគំនិតផ្ដួចផ្តើម ប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ ក្នុងខេត្តចំនួន៤ (ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន) ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្សារភ្ជាប់ជាមួយនឹងការបង្កើតច្រកមច្ឆា និងអង្ករ ដែលជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសកម្ពុជា និងចិន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ៖ «ក្រសួងកំពុងជំរុញអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជាអធិរាជចន្ទីនាពេលអនាគត, ជំរុញផលិតកម្មពូជស្រូវសុទ្ធដែលមានភាពសុទ្ធល្អ មានទីផ្សារ និងមានតម្លៃខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់កសិករ និងគាំទ្រដល់គោល នយោបាយ ជំរុញការនាំចេញអង្ករប្រណិតរបស់កម្ពុជា រួមទាំង បង្កើនល្បឿនរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីផលិតកម្មកសិកម្មតាមកិច្ចសន្យាផងដែរ»៕

ដោយ ៖ វណ្ណ សុជាតា
CPA

ads banner