វិស័យអប់រំឯកជននៅប្រទេសកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូល សាលារៀន ពិភពលោកឆ្នាំ២០២៣ នាប្រទេសម៉ាឡេស៊ី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមកពីវិស័យអប់រំឯកជន បានចូលរួមកិច្ចប្រជុំកំពូលសាលារៀនពិភពលោក ឆ្នាំ២០២៣ នៅ ប្រទេស ម៉ាឡេស៊ី ដើម្បីជជែកពិភាក្សា និងចែករំលែកការអនុវត្តន៍ល្អៗ ក្នុងវិស័យអប់រំ សំដៅពង្រឹងគុណភាពអប់រំ ពិសេសផ្នែកឯកជននៅក្នុង តំបន់ ឱ្យកាន់តែមានគុណភាពថែមទៀត។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា បានប្រាប់ឱ្យដឹងថា លោកបានដឹកនាំ សមាជិកក្រុម ប្រឹក្សា ភិបាល និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា ៩ នាក់ ដើម្បីចូលរួមក្នុង «កិច្ចប្រជុំកំពូលសាលារៀនពិភពលោក ឆ្នាំ២០២៣» ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

លោកបានឱ្យដឹងថា កិច្ចប្រជុំកំពូលសាលារៀនពិភពលោក (World School Summit) គឺជាកម្មវិធីអន្តរជាតិមួយធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យអប់រំ អ្នកបង្កើតគោលនយោបាយ ព្រមទាំងអ្នកផ្លាស់ប្តូរទាក់ទងនឹងវិស័យអប់រំជុំវិញពិភពលោកមកជជែក ពិភាក្សា និងចែករំលែកការអនុវត្តល្អៗក្នុងវិស័យអប់រំ។

លោកថា កម្មវិធីនេះដែរ ក៏នឹងមានការប្រគល់ពានរង្វាន់សាលាឆ្នើម និងសញ្ញាបត្រកិត្តិយសសម្រាប់អ្នកជំនាញដែលបានប្រឹងប្រែង និងលះបង់ពេលវេលាដើម្បីនាំឱ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងវិស័យអប់រំផងដែរ។

លោកបានបន្តថា ៖ «នេះជាលើកទី១ហើយ ដែលវិស័យអប់រំឯកជនបានចូលរួមកិច្ចប្រជុំកំពូលនេះ ហើយយើងនឹងចូលរួមពិភាក្សាពីបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ី ដើម្បីរិះរកដំណោះស្រាយ និងយុទ្ធសាស្រ្តថ្មីៗដើម្បីជំរុញវិស័យអប់រំឱ្យស្របនឹងបរិស្ថានរបស់តំបន់ និងពិភពលោកកំពុងតែផ្តោតខ្លាំង»។

បើតាមសហព័ន្ធសេវាអប់រំនៅកម្ពុជា កិច្ចប្រជុំកំពូលសាលារៀនពិភពលោក ឆ្នាំ២០២៣ បានរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីបណ្តាប្រទេសជាច្រើនរួមមាន៖ ប្រទេសឥណ្ឌា កម្ពុជា អារ៉ាប៊ីសាអូឌីត ស្រីលង្ការ នេប៉ាល់ ថៃ និងប្រទេសវៀតណាម។

ជុំវិញរឿងនេះដែរ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងដែរថា ការចូលរួមរបស់វិស័យអប់រំឯកជននៅក្នុងកម្មវិធីប្រជុំកម្រិតអន្តរជាតិនេះ គឺជារឿងសំខាន់ដើម្បីជំរុញវិស័យអប់រំកម្ពុជាឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារឱ្យមានការចូលរួមពីវិស័យឯកជន។

លោកជំទាវ បានបញ្ជាក់ថា ៖ «ការចូលរួមរបស់វិស័យឯកជន គឺជាការបំពេញបន្ថែម ក្នុងការចូលរួមធ្វើឱ្យមាតាបិតា និង សិស្សមានជម្រើស ក៏ដូចជាផ្តល់ការអប់រំមួយទៅតាមកម្មវិធី ដែលមាតាបិតាចង់ឱ្យកូនបានសិក្សាបន្ត។ ដូច្នេះហើយការទទួលបានជម្រើសខុសៗគ្នានេះ គឺជាលទ្ធផលល្អសម្រាប់អនាគតដើម្បីយើងមានធនធានជំនាញខុសៗគ្នាដែលអាចឆ្លើយតបទីផ្សារការងារ និងជំរុញ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច ជាតិផងដែរ»។

នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងឡើងដែរថា ដើម្បីអភិវឌ្ឍសមត្ថភាពយុវជនឱ្យមាន លទ្ធភាពត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ទីផ្សារការងារ ឱកាស និងការដឹកនាំ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ យុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការងារយុវជន។ ក្នុងនោះ រួមមាន៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមឱ្យមានគុណភាពជាដើម។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងដែរថា ដើម្បីសម្រេចបានយុទ្ធសាស្រ្តខាងលើ វិស័យអប់រំកម្ពុជា ចាំបាច់ត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីវិស័យឯកជន។

សម្តេចបានបន្តថា ៖ «ការចូលរួមពីវិស័យឯកជន គឺជាកាតាលីករ មិនអាចខ្វះបាន ដើម្បីឈានទៅសម្រេចបានតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការក្លាយខ្លួនទៅជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»៕

ដោយ ៖ បូរ ពេជ្យហ្សាលីន
CPA

ads banner