សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣១
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ កម្ពុជា ព្រឹកថ្ងៃទី១៤ ធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនារយៈពេល ២ថ្ងៃ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅ វិទ្យាស្ថានជាតិអប់រំ ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍គូស បញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបូក សរុបសកម្មភាព ពិនិត្យ និងវាយតម្លៃលើលទ្ធផលការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្ត ការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ផែនការ យុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុទ្ធ ជាធរមាន និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន ស្របតាម គោលនយោបាយរបស់ រាជរដ្ឋាភិបាល កម្ពុជា ជាស្រែបុណ្យគួរជាទីគោរពបូជារបស់ ពុទ្ធបរិស័ទ ។
ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងគត់មត់ ក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យ ធម្មការ និងសាសនា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ហើយថា បច្ចុប្បន្ន ក្រោមដំបូលនៃសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ក្នុងនោះព្រះពុទ្ធសាសនាថេរវាទ មានវត្តសរុបចំនួន ៥១៣៣វត្ត មហានិកាយ ៤ ៨៦៦វត្ត ធម្មយុត្តិកនិកាយ ២៦៧វត្ត សរុបព្រះសង្ឃមានចំនួន ៦ម៉ឺន ៨ពាន់ ៩៦៧អង្គ។ ដោយឡែក ពុទ្ធសាសនាមហាយាន និងសាសនាផ្សេងៗក៏កំពុងមានវត្តមាន និងធ្វើសកម្មភាពប្រកបដោយសុខដុម នីយកម្មនៅកម្ពុជាផងដែរ ។
ថ្លែងបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំធ្វើអនុសំ វច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣១នេះឡើង ដើម្បីផ្ដល់កាលានុវត្តភាពសម្រាប់ការពិភាក្សាលើបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋឱ្យបានរីកចម្រើន និងស្ថិតស្ថេរគង់វង្ស តរៀងទៅ។
សម្តេចបានគូសបញ្ជាក់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជាកំពុងតែប្រតិបត្តិការងារ របស់ខ្លួន ដោយរលូននៅគ្រប់ទិសទីទូទាំងប្រទេស ដោយប្រកាន់ខ្ជាប់នូវការគោរព សហប្រតិបត្តិការ សាមគ្គីភាព យ៉ាងជិតស្និទ្ធ ស្មោះត្រង់ ដោយឈរលើគោលការណ៍គោរព អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក គ្រប់កាលៈទេសៈ ដើម្បីសម្រេចបានសាមគ្គីភាព សុខដុមរមនាសាសនា និងសង្គមជាតិ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ដោយវិស័យពុទ្ធិកសិក្សាជាវិស័យដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាលធនធានព្រះសង្ឃក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ តែទន្ទឹមនឹងការរីកចម្រើនទាំងឡាយ យើងក៏នៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីចៀសវាងនូវបាតុភាព អសកម្មផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់សង្គមជាតិ និងសាសនា ពិសេសព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋនៃយើង។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានប្រគល់ថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដែលជាព្រះរាជទានរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីចូលរួមឧបត្ថម្ភការរៀបចំអនុសំវច្ចរ មហាសនិ្នបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣១នេះ ហើយដោយឡែកសម្តេចក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០លានរៀលផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ