ឪពុកម្តាយត្រូវ ទម្លាប់ឱ្យកុមារអានសៀវភៅតាំងតែពីតូចៗ ទើបធំឡើង ក្លាយជាអ្នកស្រឡាញ់ការអាន
ភ្នំពេញ៖ អ្នកនិពន្ធ និង អ្នកជំនាញបានលើកឡើងថាឪពុកម្តាយគួរតែ បណ្តុះ ទម្លាប់ឱ្យកូនតូចរបស់ខ្លួនចាប់ពីអាយុ៣ទៅ៥ឆ្នាំឡើង ទៅ ឱ្យចេះស្រឡាញ់សៀវភៅ ដោយឧស្សាហ៍នាំពួកគេទៅបណ្ណាល័យ ដើម្បីអានសៀវភៅ ឬទៅបណ្ណាគារដើម្បីទិញសៀវភៅជាជាង នាំ ទៅ ទិញវត្ថុផ្សេងៗដែលមិនមែនជារបស់ការសិក្សា។
ក្រៅពីទម្លាប់នាំកូនតូចទៅទីកន្លែងទាំងនេះហើយ ឪពុកម្តាយ ឬសាច់ ញាតិក៏គួរទម្លាប់ផ្តល់អំណោយជាសៀវភៅ ឬ ផ្តល់រង្វាន់ អ្វីមួយនៅ ពេលពួកគេរៀនពូកែដើម្បីលើកទឹកចិត្ត ដែលប្រការនេះធ្វើ ឱ្យកុមារ ស្រឡាញ់លើការសិក្សាផងដែរ។
លោក ស៊ូ សុភក្រ្តា និពន្ធនាយក និងអ្នកនិពន្ធមួយរូបប្រចាំគ្រឹះស្ថាន ហាតប៊ុកបានលើកឡើងក្នុងពេលចូលរួមពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ដែលរៀបចំឡើងក្រោមប្រធានបទ «សរសេរ ចំណាន អាចចំណាប់ ចាប់យកចំណេះ» នៅសួនច្បារខាងមុខសាលា បុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃពោលគឺ ចាប់ពីថ្ងៃទី១៤ -១៧ ខែ ធ្នូ ឆ្នាំ ២០២៣ថា៖បើសិនឪពុកម្តាយមានទម្លាប់ឱ្យកូនរបស់ខ្លួន ស្រឡាញ់ សៀវភៅ ឬចូលចិត្តអានសៀវភៅតាំងពីតូចៗមក នៅពេលធំឡើង ឃើញថាមិនពិបាកឱ្យពួកគេចូលចិត្តអានសៀវភៅឡើយ។ទោះបី យ៉ាងណាយុវជន និងមនុស្សវ័យកណ្តាលក៏អាចទម្លាប់ខ្លួនក្លាយជាអ្នក អានបានដែរ ប៉ុន្តែគ្រាន់តែវាត្រូវការទាមទារច្រើនក្នុងនេះដូចជាការ តាំងចិត្ត និងពិសេសត្រូវចេះជ្រើសរើសសៀវភៅបានត្រឹមត្រូវ ដែលខ្លួន ចូលចិត្តទើបអាចបណ្តុះ ផ្នត់គំនិត មកចូលចិត្តអានសៀវភៅទៅកើត។ លោកបានបញ្ជាក់ប្រាប់ដែរថា៖”បើចង់ឱ្យកូនក្លាយជាអ្នកអានឪពុកម្តាយត្រូវទម្លាប់ពួកគេពីតូចៗទៅក្នុងនេះដូចជាបណ្តុះឱ្យស្រឡាញ់សៀវភៅ។អញ្ចឹងហើយចំណុចចាប់ផ្តើមដ៏ល្អគឺពីកុមារទៅ”។
លោក សឿន កក្កដា ថ្នាក់គ្រប់គ្រងមួយរូបនៃអង្គការរូមធូរីដ (Room To Read )កម្ពុជាដែលបោះពុម្ភលើសៀវភៅកុមារបានឱ្យដឹងថា អង្គការរូមធូរីដបានបោះពុម្ភសៀវភៅភាគច្រើនជារូបភាពបង្កប់ភាពអប់រំនិងមានអក្សរលាយឡំសម្រាប់ទាក់ទាញធ្វើឱ្យកុមារមានការចាប់អារម្មណ៍ចូលចិត្តមើលសៀវភៅ។
លោកបានលើកឡើងដែរថាការដែលនាំកុមារមកទស្សនាដូចជាពិព័រណ៍សៀវភៅ បណ្តាគារជាដើមអាចធ្វើឱ្យកុមារមើលឃើញសៀវភៅ ច្រើន ហើយពេញចិត្តនោះនឹងជួយទាក់ទាញធ្វើឱ្យកុមារស្រឡាញ់ សៀវភៅ ហើយក៏ជាការបណ្តុះនូវផ្នត់គំនិតឱ្យស្រឡាញ់ការអាននៅ ពេល ធំឡើង។
ជាមួយគ្នានេះ លោក ហុក សុទ្ធិ អគ្គនាយកអង្គការស៊ីប៉ា (Sipar) បានឱ្យដឹងផងដែរថា ការអានគឺជាទម្លាប់មួយបើសិនជាយើងអត់ទម្លាប់ អានយើងជួបការលំបាកណាស់ ព្រោះថាការអានជា ការហ្វឹកហាត់ អារម្មណ៍របស់ខួរក្បាល ផ្នែកការផ្ចង់ស្មារតីយើងយ៉ាងសំខាន់។ អញ្ចឹងបើយើងអត់ទម្លាប់ទេ គឺលំបាកហើយ ។ដូចនេះដើម្បីឱ្យក្លាយ ជាទម្លាប់យើងត្រូវចាប់ផ្តើមឡើងតាំងតែពីក្មេងៗទៅ ។នៅទីនេះ សំដៅឪពុកម្តាយដើរតួនាទីយ៉ាងសំខាន់បំផុត ដោយក្នុងនេះនៅពេល កុមារតូចនៅ ឡើយត្រូវផ្តល់ឱកាសឱ្យពួកគាត់មានទំនាក់ទំនងជាមួយ សៀវភៅ និង ការអាន។
លោកបានបន្តថា បច្ចុបុ្បន្ននេះមានសៀវភៅច្រើនបែបណាស់ដែល ត្រូវបាន គេបង្កើតឡើងសម្រាប់កុមារតូចៗ។ឪពុកម្តាយខ្លះគិតថា កុមារ តូចៗឱ្យអានសៀវភៅដូចម្តេចបើគាត់មិនទាន់ចេះអានផងគាត់ទើបអាយុ២ទៅ៣ឆ្នាំ ឬ៤ទៅ៥ឆ្នាំនៅឡើយ។ទោះបីយ៉ាងណាបច្ចុប្បន្ន យើង មានសៀវភៅច្រើនដែលមានរូប និង អក្សរនៅលាយជាមួយគ្នាសម្រាប់ កុមារ តូចៗ។
លោកបន្តថា ឪពុកម្តាយមានតូនាទីសំខាន់ណាស់ សម្រាប់ដឹកនាំ កូនៗ តូចចេះកាន់សៀវភៅ ចេះមើលសៀវភៅ។ក្នុងនេះឪពុកម្តាយ ត្រូវចេះ កាន់សៀវភៅ ហើយបើកសៀវភៅបង្ហាញកូនតូចដើម្បីសន្ទនាជា មួយ រូបភាពហ្នឹង ក្នុងនេះមានអក្សរខ្លះៗខាងក្រោមរូបភាពហ្នឹង។ដូចនេះ កូនតូចៗនឹងចង់ដឹងពីតួអក្សរ ហេតុនេះយើងត្រូវចង្អុរបង្ហាញប្រាប់ ដែលទាំងអស់ហ្នឹងហើយទម្លាប់ឱ្យគាត់ស្គាល់អក្សរ បន្ទាប់មកក្មេងនឹង ចង់អាន។ ដល់ពេលនោះគាត់នឹងដឹងនេះជារូបគោ ជាពពែ..ដោយ ដំបូង ឪពុកម្តាយត្រូវចេះបង្ហាត់ឱ្យកូនចូលចិត្តអានឬចង់អាន។
គួរបញ្ជាក់ថា ទិវាជាតិអំណានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងលើកដំបូងក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ ងីម ឆៃហួត