កសិករនៅឃុំទន្លេបិទ ត្អូញត្អែរថា ទីផ្សារសត្វគោបច្ចុប្បន្នមិនសូវល្អ

ត្បូងឃ្មុំ៖ កសិកររស់នៅភូមិតាអ៊ុយ ភូមិភ្នំ ភូមិអន្លង់ពោង និងភូមិ អំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលប្រកបរបរ ចិញ្ចឹម គោបាននិយាយថា ការចិញ្ចឹមគោលក់មិនបានទទួលផលល្អទេនៅឆ្នាំ នេះ ដោយសារទីផ្សារគោចុះថោក។ កសិករមួយចំនួន បានបោះបង់ ការចិញ្ចឹមជាបណ្តើរៗ ដោយលក់ទាំងគោសាច់ លក់ទាំងបា លក់ទាំង មេពូជ ។

លោក ធឿន ប៊ុនធីម អាយុ៤៣ឆ្នាំ រស់នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានរៀបរាប់ឱ្យដឹងថា គាត់ចិញ្ចឹមគោរយៈ ពេល ជិត ២០ឆ្នាំមកហើយ។ បច្ចុប្បន្នគាត់មានគោចំនួនជិត៤០ក្បាល ។ក្នុងនោះមាន មេពូជចំនួនពីរក្បាល និងឈ្មោលចំនួនពីរក្បាល ។
លោកបន្តថា ការចិញ្ចឹមបានផលល្អ គឺដោយមានការយកចិត្ត ទុកដាក់ពីមន្ទីរកសិកម្មខេត្ត នាយកដ្ឋានក្រសួងកសិកម្ម ចុះមក បណ្តុះបណ្តាលដល់ការចិញ្ចឹមផ្ទាល់ ដោយផ្តល់បច្ចេកទេស ការថែទាំ ការបាញ់ថ្មាំសម្លាប់មេរោគ ផ្តល់វ៉ាក់សាំងចាក់ ដែលមាន វ៉ាក់សាំង ចាក់ទម្លាក់សត្វល្អិត វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម ជាដើម ។

ទន្ទឹមនឹងមុខរបរនេះលោក ប៊ុនធីម បានលើកឡើង បច្ចុប្បន្នទី ផ្សារគោធ្លាក់តម្លៃខ្លាំងណាស់ ។កសិករលក់គោមួយ ក្បាលបាន តែជាងមួយលានរៀល ទៅពីរលានរៀល។ ទូទាត់ចំណាយ លើ ការចិញ្ចឹមឃើញថាខាត មិនដូចឆ្នាំកន្លងទៅទេ ។
មូលហេតុតម្លៃសត្វគោចុះថោក ត្រូវបានលោក ប៊ុនធីម និយាយថា ដោយសារសាច់គោនាំចូលមានចំនួនច្រើន។

  លោកបានបញ្ជាក់ទៀតថា ក្នុងបួនភូមិនៃឃុំអំពិលជ្រុំ មានកសិករ ចិញ្ចឹមគោនៅសល់តែជាង២០០គ្រួសារ ខណៈការចិញ្ចឹមឆ្នាំមុនៗ មានជិត៤០០គ្រួសារឯណោះ ៕
ដោយ៖លី ពៅ

ads banner