យុវជននៅខេត្ដសៀមរាបរៀបចំការប្រកួតកីឡាបាល់ទាត់មិត្ដភាព ដើម្បី បំផុសគំនិតស្រឡាញ់កីឡានៅជនបទ និងស្វែងរកសប្បុរសជន

អត្ថបទដោយ៖
សុផាត ស៊ាន

សៀមរាប៖ ក្លឹបបាល់ទាត់បក្សីអង្គរ និងក្លឹបបាល់ទាត់ហនុមាន បាន ប្រកួត កីឡាបាល់ទាត់មិត្ដភាព ដើម្បីស្វែងរកជំនួយពីសប្បុរសជន ជួយ ដល់វិស័យអប់រំ និងដើម្បីបំផុសគំនិតយុវជនឱ្យអភិវឌ្ឍន៍ វិស័យកីឡា នៅជនបទ។ ការប្រកួតនេះធ្វើឡើងនៅវិទ្យាល័យក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្ដសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

លោក អ៊ុក ពិសិដ្ឋ ប្រធានក្លឹបបាល់ទាត់បក្សីអង្គរ និងជានាយកប្រតិបត្ដិ នៃ អង្គការកីឡារស់ក្នុងសន្ដិភាព ខេត្ដសៀមរាប បានឱ្យដឹងថា ការ ប្រកួត កីឡាបាល់ទាត់មិត្ដភាពនេះ ចែកចេញជាពីរក្រុម។ មានក្រុម កីឡាករយុវជន និងក្រុមកីឡាករវ័យចំណាស់។ លោកបន្តថា ការប្រកួត ដើម្បីបង្ហាញដល់យុវជន សិស្សានុសិស្ស មនុស្សវ័យចំណាស់ ឱ្យចេះ លេង កីឡា ។ កីឡាអាចជួយដល់សុខភាពរបស់ពួកគាត់។ ជាពិសេស ក៏ស្វែងរកសប្បុរសជន ជួយឧបត្ថម្ភសម្ភារៈផ្សេងៗ ដល់សិស្សខ្វះខាត នៅជនបទ។

លោកបានបន្ដថា ការប្រកួតកីឡាបាល់ទាត់នេះ ក៏ មានការជួយ ឧបត្ថម្ភពី សប្បុរសជននៅក្នុងប្រទេស និងក្រៅប្រទេស ដូចជា សម្ភារៈសិក្សា សម្ភារៈកីឡា និងសម្ភារៈអនាម័យ និងកង់ជាច្រើន គ្រឿងទៀត ជួយដល់សិស្សានុសិស្សខ្វះខាតនៅវិទ្យាល័យក្រឡាញ់ ផងដែរ។

លោកបានបន្ដថា តាមការកត់សម្គាល់នាពេលបច្ចុប្បន្ននេះ សិស្សា នុសិស្សនៅតាមជនបទ មានសកម្មភាពលេងកីឡាច្រើន ។ប៉ុន្ដែពួកគាត់ ខ្វះអ្នកដឹកនាំលេង ខ្វះសម្ភារៈកីឡា ទើបក្លឹបកីឡាបាល់ទាត់ តែងធ្វើ សកម្មភាពការប្រកួតកីឡាមិត្ដភាពនេះ ដើម្បីកៀរគរសប្បុរស ជន ជួយឧត្ថម្ភជួយដល់កុមារខ្វះខាត ជាពិសេសលើកទឹកចិត្ដយុវជន ប្រជាពលរដ្ឋ កុមារ ឱ្យចេះលេងកីឡាដើម្បីសុខភាពមាំមួន។

លោក អ៊ុក ពិសិដ្ឋ បានឱ្យដឹងទៀតថា ការប្រកួតកីឡាមិត្ដភាពនេះ មិនមែនជាសកម្មភាពលើកទី១ឡើយ ដោយបានធ្វើសកម្មភាព នៅស្រុកមួយចំនួន ក្នុងខេត្តសៀមរាបជាច្រើនលើក រួមមាន ស្រុកស្វាយលើ និងក្រុងសៀមរាបជាដើម។

លោកបន្ដថា សកម្មភាពបែបនេះ នឹងបន្ដឡើងនៅតាមតំបន់ដាច់ ស្រយាល ឬតាមសាលារៀនដាច់ ស្រយាល នៃបណ្តាស្រុកមួយ ចំនួននៃខេត្តសៀមរាប ខេត្តបន្ទាយមានជ័យថែមទៀត៕
ដោយ៖ ស៊ាន សុផាត

ads banner