ជប៉ុន និងអាស៊ាន ព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ
តូក្យូ៖ អំឡុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន ក្នុងទីក្រុងតូក្យូ នៅថ្ងៃអាទិត្យសប្តាហ៍មុន មេដឹកនាំមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន បានឈានដល់ការឯកភាពគ្នាលើការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យសន្តិសុខដែនសមុទ្រ។
យោងតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំជប៉ុន និងអាស៊ាន នឹងពង្រឹងចំណេះដឹងកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រ និងទីភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងដែនសមុទ្រ រួមទាំងធានានូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនសម្លុតគំរាម ឬប្រើប្រាស់កម្លាំងបាយនោះឡើយ ស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ។
អាស៊ាន និងជប៉ុន នឹងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព រួមទាំងសណ្ដាប់ធ្នាប់សមុទ្រ ផ្អែកលើច្បាប់ជាមូលដ្ឋាន ក្នុងនោះរួមមានទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ ក៏ដូចជាការហោះហើរ និងសេរីភាពពណិជ្ជកម្ម។
បន្ថែមលើនេះ មេដឹកនាំជប៉ុន និងអាស៊ាន ក៏បានព្រមព្រៀងគ្នា ក្នុងការពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ថាមពល សារធាតុរ៉ែសំខាន់ៗ ទីអវកាស និងវិស័យផ្សេងៗទៀតដូចជា បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិតជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា