តៃវ៉ាន់ប្រទះបាឡុងចិនពីរថ្មី អណ្ដែតឆ្លងច្រកសមុទ្រតៃវ៉ាន់

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃចន្ទទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះថា បាឡុងធាតុអាកាសចំនួនពីរដែលសង្ស័យថា ជារបស់ចិនបានបណ្ដែតខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ដោយនេះជាលើកទី២ហើយគិតតែក្នុងខែធ្នូ ដែលការណ៍បែបនេះកើតឡើង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងការពារជាតិតៃវ៉ាន់ថា ខ្លួនបានប្រទះឃើញបាឡុងទាំងនេះ បន្ទាប់ពីវាឆ្លងកាត់បន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ប្រហែល ២០០ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងកំពង់ផែ Keelung ដែលស្ថិតនៅភាគខាងជើងនៃកោះ។ ក្រសួងបានបន្ថែមថា បាឡុងដដលបានបណ្ដែតខ្លួននៅរយៈកម្ពស់ជាង ៣ ២០០ ម៉ែត្រឆ្ពោះទៅភាគខាងកើត មុនពេលបាត់ខ្លួនទៅវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Sun Li-fang បាននិយាយថា ការសន្និដ្ឋានដំបូងរបស់ក្រសួងគឺថា បាឡុងទាំងនោះ គឺជាបាឡុងធាតុអាកាស។ ជុំវិញបញ្ហានេះ គេមិនទាន់ឃើញរដ្ឋាភិបាលចិនចេញប្រតិកម្មយ៉ាងណានោះទេ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេគិតតែក្នុងខែធ្នូ ដែលតៃវ៉ាន់ប្រទះឃើញបាឡុងធាតុអាកាសចិន។ កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅ ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងម្ដងរួចហើយថា ការណ៍បែបនេះបានកើតឡើង ដែលកាលនោះ តៃវ៉ាន់សន្និដ្ឋានដូចគ្នាថា ជាបាឡុងធាតុអាកាស។

គួររំឭកថា លទ្ធភាពនៃការប្រើប្រាស់បាឡុងស៊ីវិលដើម្បីធ្វើចារកម្មរបស់ចិន បានក្លាយជាកង្វល់សកល ក្រោយសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចិនដែលអណ្ដែតលើទឹកដីរបស់ខ្លួនកាលពីខែកុម្ភៈដើមឆ្នាំនេះ។ កាលណោះអាមេរិកចោទថា វាថាជាបាឡុងស៊ើបការណ៍របស់ចិន ប៉ុន្តែចិនថ្កោលទោសដោយនិយាយថា វាគ្រាន់តែជាបាឡុងស៊ីវិលបម្រើឱ្យកិច្ចការស្រាវជ្រាវស៊ីវិល ដែលរសាត់ទៅអាមេរិកដោយចៃដន្យប៉ុណ្ណោះ។

ភ្ជាប់មកបញ្ហាតៃវ៉ាន់វិញ កោះនេះកំពុងប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពរបស់ចិន ទាំងផ្នែកយោធា និងនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភានៅថ្ងៃទី ១៣ ខែមករា ខាងមុខ។ ខណៈចិនទាមទារកោះតៃវ៉ាន់ថាជារបស់ខ្លួន ក្រុងតៃប៉ិកន្លងមក បានព្រមានពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការជ្រៀតជ្រែកលើការបោះឆ្នោតរបស់កោះ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner