មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាជាង ១៥០ លានរៀល ពីព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាជាង ១៥០ លានរៀល ពីព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌ ដែលបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

លោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូថា មន្ទីរពេទ្យគន្ធបុប្ផាបានទទួលចំនួនទឹកប្រាក់បរិច្ចាគចំនួន១៥២លានរៀលពីព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកបានបន្តថា ថវិកាបរិច្ចាគនេះ នឹងចាត់ចែងជួយសង្គ្រោះទៅដល់កុមារនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញជាដើម។

លោកបានបញ្ជាក់ថា ៖ «រាល់ថវិកាដែលទទួលបានពីសប្បុរសធម៌ ទាំងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ គឺយើងយកទៅបម្រើសេវា ព្យាបាលជំងឺ និងពិនិត្យជំងឺទាំងក្នុង និងក្រៅ ក្នុងមួយថ្ងៃមានកុមារចូលមកពិនិត្យជំងឺពី ៣០០០នាក់ ទៅ ៥០០០នាក់។ ហើយកុមារមកសម្រាកនៅក្នុងមន្ទីរពេទ្យពី ៤០០នាក់ ទៅ ៥០០នាក់ ជាមធ្យមរៀងរាល់ថ្ងៃ»។

បើតាមលោក យ៉ៃ ចន្ទនា បានឱ្យដឹងទៀតថា ក្រៅពីនេះ ទាំងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងមន្ទីរគន្ធបុប្ផាភ្នំពេញ ក្នុងមួយថ្ងៃមានកុមារចូលមកវះកាត់ពី ៥០ករណី ទៅ ៦០ករណី ក្នុងនោះមានកុមារចូលមកវះកាត់បេះដូងនៅមន្ទីរពេទ្យទាំងពីរនេះក្នុងមួយថ្ងៃ ៥ករណី។ លើសពីនេះ ក៏មានស្ដ្រីចូលមកសម្រាលកូនក្នុងមួយថ្ងៃ ៧០នាក់ និងពិនិត្យផ្ទៃពោះជាមធ្យមក្នុងមួយថ្ងៃមានពី ៣០០នាក់ ទៅ ៥០០នាក់។

លោកបន្តទៀតថា ដូច្នេះរាល់ការព្យាបាលទាំងអស់ រួមទាំងការវះកាត់កុមារ និងការព្យាបាលស្ដ្រីសម្រាលកូន គឺមិនមានការគិតថ្លៃនោះទេ ជាពិសេសក្រុមគ្រូពេទ្យ ដែលជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញ និងខេត្តសៀមរាប គឺពួកគាត់អត់មានសិទ្ធិទៅបើកមើលជំងឺខាងក្រៅឡើយ។

លោកបន្ថែមថា ៖ «រាល់ជំនួយរបស់សប្បុរសធម៌ទាំងជាតិ និងអន្តរជាតិ និងតាមរយៈការរៀបចំកម្មវីធីផ្សព្វផ្សាយផ្សេងៗ នឹងធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ នៅបន្តដំណើរការល្អដដែល និងបន្តអភិវឌ្ឍការព្យាបាល វះកាត់ និងការព្យាបាលជំងឺមហារីកជូនទៅដល់កុមារ បានរហ័ស និងឆ្លើយតបទាន់ពេលវេលាក្នុងការសង្គ្រោះអាយុជីវិតកុមារកម្ពុជា»។

យោងតាមហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ដែលមានឈ្មោះថា «សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ-រាត្រីសមោសរសប្បុរសធម៌» ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិកនៅប្រាសាទបាភួន ក្នុងក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមកិច្ចសហការរៀបចំដោយក្រសួងវប្បធម៌ សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងមូលនិធិ ឌីភីប៊ី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ថា អនាគតរបស់ជាតិ គឺពឹងទៅលើកុមារ ហើយបើកាលណាកុមារកម្ពុជាមានសុខភាពល្អ ក្នុងការសិក្សារៀនសូត្រ វាអាចជាអ្នកបន្តវេនដឹកនាំប្រទេស ដើម្បីរួមចំណែកធ្វើឱ្យសង្គមជាតិនៅពេលអនាគតកាន់តែមានភាពរីកចម្រើន។

លោកជំទាវបានថ្លែងថា ៖ «យើងសង្ឃឹមថា រាត្រីសមោសរនេះ នឹងអាចបន្តទៅតាមលទ្ធភាពជារៀងរាល់ឆ្នាំដែលយើងអាចធ្វើបាន មិនសំខាន់ថាការចូលរួមតិចក្ដី ច្រើនក្ដី ប៉ុន្តែវាជាទឹកចិត្តបរិច្ចាគរបស់យើង ដែលអាចជួយទៅដល់អ្នកលំបាកក្នុងមន្ទីរពេទ្យ ជាពិសេសកុមារ»។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ដោយទទួលបានថវិកាបរិច្ចាគទៅឱ្យមន្ទីរពេទ្យគន្ធបុប្ផាចំនួនជាង ៨ម៉ឺនដុល្លារអាមេរិកផងដែរ៕ ដោយ៖ ជា សុខនី

ads banner