ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុនថ្កោលទោសការផ្សាយវិទ្យុអាស៊ីសេរី (Video Inside)

ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុន ដែលបានមកចូលរួមគាំទ្រដំណើរអញ្ជើញបំពេញទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្កោលទោសវិទ្យុអាស៊ីសេរី ដែលផ្សាយព័ត៌មានមិនពិត។

វិទ្យុអាស៊ីសេរីជាភាសាខ្មែរនេះ បានផ្សាយថាពលរដ្ឋដែលបានធ្វើដំណើរស្កាត់ពីគ្រប់ទិសទី មកគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាការទិញទឹកចិត្ត ប៉ុន្តែអ្នកបានចូលរួមគាំទ្រដំណើរទស្សនកិច្ច បាននិយាយថា ពួកគេមិនមានអ្នកណាបានទិញទឹកចិត្តទេ។ ពួកគេបានថ្កោលទោសការផ្សាយមិនពិត របស់វិទ្យុអាស៊ីសេរីនោះ។

វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកជួយជំនួយច្រើនសិបម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ជាវិទ្យុមួយដែលពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក មើលឃើញជាវិទ្យុដែលរដ្ឋាភិបាលអាមេរិក ចំណាយលុយឥតតែប្រយោជន៍ ដោយសារតែការផ្សាយព័ត៌មានមិនពិត និងព័ត៌មានជាច្រើនពាក់ព័ន្ធនឹងរឿងនយោបាយ ត្រូវបានពលរដ្ឋនិយាយថា មិនដែលបានផ្សាយការពិតឡើយ ដោយសារតែភាពលំអៀងគាំទ្ររបស់ខ្លួន ចំពោះក្រុមធ្វើនយោបាយប្រឆាំង។

ពលរដ្ឋដែលបានមកចូលរួមជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបដិសេធការផ្សាយព័ត៌មានវិទ្យុអាស៊ីសេរី ដែលនិយាយថា ពួកគេទទួលបានការទិញទឹកចិត្តជាលុយកាក់ ដោយម្នាក់ៗ ទទួលយ៉ាងហោចពី ៣ម៉ឺនដល់ ៥ម៉ឺនយ៉េន។ ពលរដ្ឋអ្នកចូលរួមបានចោទថា ការផ្សាយព័ត៌មាននោះ គឺជាការផ្សាយព័ត៌មានមិនពិត។

សេចក្តីរាយការណ៍វិទ្យុអាស៊ីសេរី នៅបានផ្សាយកុហកថែមទៀត ជុំវិញចំនួនមនុស្សចូលរួមធ្វើបាតុកម្ម។ វិទ្យុអាស៊ីសេរីរាយការណ៍ថា ចំនួនអ្នកចូលរួមធ្វើបាតុកម្មមានជិត ៦០០នាក់ ខណៈដែលសាលសម្រាប់ធ្វើបាតុកម្មនោះ ត្រូវគេបញ្ជាក់ថា អាចផ្ទុកមនុស្សបានតែ ២០៧នាក់តែប៉ុណ្ណោះ។

ការផ្សាយព័ត៌មានកុហករបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រើប្រាស់ជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ ត្រូវបានពលរដ្ឋចោទសួរថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិក ចំណាយលុយឥតប្រយោជន៍ ក្នុងការបំរើតែលើការផ្សាយព័ត៌មានកុហក?

ads banner