ក្រុមហ៊ុន NTT DOCOMO ជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីបំណងក្នុងការពង្រីកការវិនិយោគ មកកម្ពុជា

តូក្យូ៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការ គួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក លី ម៉ូតូយុគី (LI Motoyuki) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន NTT DOCOMO, INC បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនលើវិស័យទូរគមនាគមន៍ ដោយផ្គត់ផ្គង់សេវាកម្ម 4G និង 5G, ប្រព័ន្ធផ្កាយ រណប និងទូរសព្ទចល័ត និងបានសហការជាមួយ NTT Group អភិវឌ្ឍន៍បច្ចេកវិទ្យា 6G ព្រមទាំងជម្រាបអំពីបំណងក្នុងការពង្រីកវិ និ យោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួប ជាមួយលោក លី ម៉ូតូយុគិ និងសហការី ព្រមទាំងបានសម្តែង នូវការអរគុណ ចំពោះ ក្រុមហ៊ុន NTT DOCOMO, INC ដែលបានបង្ហាញ ចំណាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ នៃរដ្ឋសភា បានកំណត់យកឌីជីថល ជាបញ្ចកោណទី ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយបន្តផ្ដោតលើកិច្ចការអាទិភាព ជាអាទិ៍ ការអភិវឌ្ឍ សេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធ នវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ។

លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន NTT DOCOMO, INC ធ្វើការជិតស្និទ្ធជាមួយ ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងយល់ និងពិភាក្សាអំពីលទ្ធភាពអាទិភាពនានាបន្ថែមទៀត ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner