ត្រីប្រហុកចាប់ផ្តើមត្រូវបណ្តើរៗ ខណៈ ឡូត៍នេសាទខ្លះចាប់ត្រី បាន ចាប់ពី១-២តោនក្នុងមួយថ្ងៃ
ភ្នំពេញ៖គិតចាប់ពីថ្ងៃទី៦កើត និង៧កើត ខែ មិគសិរត្រូវនឹង ថ្ងៃទី ១៨-១៩ ខែ ធ្នូ ឆ្នាំ ២០២៣ ត្រីសម្រាប់ធ្វើប្រហុក ផ្អក ចាប់ផ្តើមត្រូវជា បណ្តើរៗហើយ ។ម្ចាស់អ្នកធ្វើអាជីវកម្មនេសាទ តាមគន្លងដាយ សង្ឃឹម ថានៅរយៈពេលពេញមួយសប្តាហ៍នេះឬ រហូតដល់ដាច់ខែ បើសិនជា គ្មាន ការ ប្រែប្រួល អាកាសធាតុទេនោះ ត្រីនឹងត្រូវរហូតដល់ចប់ ខែនេះតែម្តង។
អ្នកស្រី ចាំ ភាព ម្ចាស់ឡូត៍នេសាទគន្លងដាយ ប្រចាំនៅ សង្កាត់ គីឡូ លេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងរយៈពេលពីរ ថ្ងៃមកនេះត្រីប្រហុកនៅគន្លងដាយនេសាទរបស់អ្នកស្រី ចាប់ផ្តើម ត្រូវបណ្តើរៗ។កាលពីថ្ងៃទី ១៨ ខែធ្នូ ត្រីត្រូវបន្តិចបន្តួច តែឈាន ដល់ថ្ងៃទី ១៩ ខែ ធ្នូ ត្រីចាប់ផ្តើមត្រូវច្រើនគួរសម។ក្នុងមួយថ្ងៃ អ្នកស្រី អាចរកត្រីប្រហុក និងត្រីប្រភេទផ្សេងៗទៀតប្រមាណជាងមួយតោន ដល់ជិតពីរតោន
។សម្រាប់ក្នុងសប្តាហ៍នេះឬរហូតឈានដល់ដំណាច់ខែធ្នូអ្នកស្រីរំពឹងថាត្រីប្រហុកនឹងបន្តត្រូវបន្ថែមទៀតបើសិនអាកាសធាតុមិនប្រែប្រួលឬមានភ្លៀងធ្លាក់ទេ។
ជាម្ចាស់ឡូត៍នេសាទ តាមគន្លងដាយនៅ ទន្លេសាប មួយ កន្លែង នេះជិត៣០ឆ្នាំមកហើយ អ្នកស្រី ចាំ ភាព បានឱ្យដឹងថា ត្រីប្រហុក ត្រូវច្រើនបច្ចុប្បន្នមាន៣ប្រភេទគឺ ត្រីរៀលអង្កាម ត្រីរៀលតុប និងត្រីលេញជាដើម។សម្រាប់ត្រីធំៗវិញមានត្រីពោធិ៍ ត្រី ក្អែក(មានតិច) ត្រីកែស និងត្រីរាជ។
ទោះបីយ៉ាងណាស្រ្តីរូបនេះបានឱ្យដឹងផងដែរថាពេលនេះមិនទាន់ឃើញអ្នកមកទិញត្រីសម្រាប់ធ្វើប្រហុកនោះច្រើននៅឡើយទេ។ចំណែ ក តម្លៃត្រីក៏ស្ថិតនៅក្នុងតម្លៃមួយខ្ពស់គួរសមនៅឡើយ។បើជាត្រីកាត់ ក្បាល ហើយ អ្នកស្រីលក់ក្នុងមួយគីឡូក្រាម៨ ០០០រៀល។
ដោយឡែក លោក លី អ៊ីមរ៉ន អ្នកមើលការខុសត្រូវឡូត៍នេសាទ តាមគន្លងដាយ ប្រចាំនៅ សង្កាត់គីឡូលេខ៦នេះដែរបានឱ្យដឹងថា ត្រីបច្ចុប្បន្នមានការថយចុះច្រើនបើប្រៀបធៀបនឹងកាលពីមុនមកនេះ។ចំណែកត្រីមួយចំនួនក៏បានបាត់វត្តមានលែងឃើញបន្តទៀតដែរ។
លោកបានឱ្យដឹងបន្ថែមថា”ត្រីប្រហុកពេលនេះចាប់ផ្តើមត្រូវជាបណ្តើរៗហើយ និងបើបងប្អូនពលរដ្ឋខ្មែរចង់ធ្វើប្រហុកអាចមក ពេលនេះ បាន ហើយ។សម្រាប់ត្រីឡូត៍នេសាទ កន្លែងខ្ញុំក្នុងមួយម៉ោងលើក ម្តងអាច បានត្រីចាប់ពី២០០ដល់៥០០គីឡូក្រាម”។
គួរបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣ ដោយប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី ត្រូវរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃ១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែល អំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លង ដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជ ធានីភ្នំពេញ ពីថ្ងៃអង្គារ ៧កើត ដល់ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃ ស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង៕
អត្ថបទ៖ម៉ាដេប៉ូ