សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រកបជោគជ័យ និងផ្លែផ្កា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ត្រឡប់មកដល់មាតុភូមិវិញហើយ នៅរាត្រីថ្ងៃទី ១៩ ខែធ្នូ នេះ បន្ទាប់ ពីបានអញ្ជើញ ចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូល រំលឹកខួបអាស៊ាន-ជប៉ុននេះ ប្រមុខរដ្ឋ/រដ្ឋាភិបាលបានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមក ជាពិសេសក្នុងការអនុវត្តប្រកបដោយ ជោគជ័យនូវសេចក្តីប្រកាសចក្ខុវិស័យ និងផែនការ អនុវត្តន៍នៃទំនាក់ ទំនង ដៃគូជាយុទ្ធសាស្រ្ត ដែលបានអនុម័តកាលពីឆ្នាំ២០១៣។
កិច្ចប្រជុំកំពូល រំលឹកខួបអាស៊ាន- ជប៉ុន បានអនុម័តនូវឯកសារដ៏ សំខាន់ចំនួនពីរ ដែលជាឯកសារគោលតម្រង់ទិសនៃការ ពង្រីកកិច្ច សហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត ក្នុងការ បើកទំព័រថ្មី នៃទំនាក់ទំនងអាស៊ាន-ជប៉ុន សម្រាប់ការលើកតម្កើង សន្តិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់រយៈពេល ១០ឆ្នាំ ទៅមុខទៀត រួមមាន៖ ១) សេចក្ដីប្រកាស ចក្ខុវិស័ យ រួមស្ដីពី មិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលជឿទុកចិត្តគ្នា និង ២) ផែន ការអនុវត្តនៃ សេចក្ដីប្រកាស ចក្ខុវិស័យរួមនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក៏បានប្រកាសផង ដែរ នូវសកម្មភាពថ្មីក្រោមកម្មវិធីភាពជាដៃគូដើម្បីកសាង អនាគត ដែលមានទឹកប្រាក់ចំនួន ៤០ពាន់លានយ៉េន (ប្រមាណ ២៨១,៤៤ លាន ដុល្លារអាមេរិក) សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ និងគម្រោង ដែលមានទឹកប្រាក់ ចំនួន ១៥ពាន់លានយ៉េន (ប្រមាណ ១០៥,៥៤ លានដុល្លារ អាមេរិក) សម្រាប់កិច្ចការស្រាវជ្រាវអន្តរជាតិ និងការផ្លាស់ ប្ដូរការបណ្ដុះបណ្តាលមូលធនមនុស្ស ។
ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រគំនិតផ្តួចផ្តើមទាំងពីរនេះ និង បានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្រាប់វិស័យថាមពល កម្ពុជា បានបញ្ជាក់ពីជំហរឹងមាំជាមួយនឹង សហគមន៍បំភាយឧស្ម័ន សូន្យអាស៊ី (Asia Zero Emission Community) ក្នុងការជំរុញ អន្តរកាល ថាមពលស្អាត និងសមធម៌ ដើម្បីឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័នសូន្យ នៅអាស៊ី។ មូលដ្ឋានគ្រឹះនៃអន្តរកាល ថាមពលរបស់កម្ពុជា គឺស្របគ្នា ជាមួយនឹងសកម្មភាពរួមដែលជាចក្ខុវិស័យនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី។ កម្ពុជាជឿជាក់លើកិច្ចសហការរួមគ្នាដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ និងយល់ស្រប អំពីវិធីសាស្ត្រដែលផ្អែកទៅតាមស្ថានភាព តំបន់ និង សង្គម របស់ប្រទេសនីមួយៗ។ ក្នុងនោះយុទ្ធសាស្ត្រ អព្យាក្រឹតកាបូនរបស់កម្ពុជា ឈរលើសសរស្តម្ភចំនួន ៣ រួមមាន៖ ការបង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញ ការលើកកម្ពស់ ប្រសិទ្ធភាពថាមពល និងការពង្រីកអគ្គិសនីភាវូបនីយកម្ម។ ស្របពេលកម្ពុជាកំពុងធ្វើការកែលម្អ កម្ពុជាមានការតាំងចិត្តខ្ពស់ មានចក្ខុវិស័យ ច្បាស់លាស់ ដើម្បីសម្រេចឱ្យបានអនាគតថាមពល មួយប្រកបដោយចីរភាព វិបុលភាព និងស្អាត សម្រាប់ ប្រទេសជាតិ របស់យើងនិងតំបន់។
នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បាន ជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន ផងដែរ ដោយនៅក្នុងឱកាសនៃជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានចូលរួមជាអធិបតី ក្នុងពិធីផ្លាស់ប្តូរឯកសារ កិច្ច សហប្រតិបត្តិការចំនួន ០៧ រួមមាន៖ ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌល ផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក; ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត បែបឌីជីថល ក្នុងតំបន់ទីប្រជុំជន; ៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ ជលធារ សាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក; ៤-កំណត់ ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការ ផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា; ៥-អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហ ប្រតិបត្តិការ នៃ ការទូទាត់ឆ្លងដែនតាមរយៈQR Code; ៦-អនុស្សរណៈនៃការយោគ យល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការ លើ គម្រោងថាមពលព្រះអាទិត្យ (សូឡា) និង ៧-អនុស្សរណៈនៃការយោគ យល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយនឹង ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវមាស ។
សូមបញ្ជាក់ជូនថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់ មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ រាល់ដំណើរទស្សនកិច្ចនៅក្រៅ ប្រទេស សម្តេចធិបតី មិនដែលរំលងឡើយការជួបជាមួយវិស័យឯ កជន។ ក្រៅពីបានចូលរួមក្នុងកិច្ចប្រជុំកំពូល រំលឹកខួបអាស៊ាន-ជប៉ុននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមសិក្ខា សាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ស្តីពីបរិយាកាសវិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា ដោយមានវិនិយោគិន ចូលរួមសរុបចំនួនប្រមាណជិត ៧០០នាក់។ ក្នុងនេះវិនិយោគិន ជប៉ុនចូលរួមដោយផ្ទាល់ និងតាមអនទ្បាញមានប្រមាណជាង ៦០០នាក់ និងវិនិយោគិនកម្ពុជាចំនួនប្រមាណជាង ៨០ នាក់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ដល់វិនិយោគិនជប៉ុនថា កម្ពុជា មានសក្តានុពលច្រើន រាជរដ្ឋាភិបាល បានរៀបចំហេដ្ឋារចនា សម្ព័ន្ធផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ តំបន់សេដ្ឋកិច្ច ពិសេស និងបានបង្កលក្ខណៈងាយស្រួលសំរាប់អ្នកវិនិយោគ។ សម្តេច បានលើកឡើងពីការយកចិត្តទុកដាក់ដល់វិស័យឯកជន ដែលរាជរដ្ឋា ភិបាល បាន ចាត់ទុកវិស័យឯកជនជាដៃគូរជាមួយនឹងរាជរដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលក៏នឹងពង្រឹងកិច្ចសន្ទនាជាមួយ វិស័យឯកជនឱ្យកាន់តែខ្លាំងឡើងតាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យបានទៀងទាត់ ដោយសម្តេចអញ្ជើញ ធ្វើជា អធិបតី ដោយផ្ទាល់តែម្តង។ សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ឱ្យអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជប៉ុនចូលមកសិក្សា និងវិនិយោគនៅ កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការគាំទ្រ និងកិច្ចសម្របសម្រួល គ្រប់រូបភាព ដើម្បីឱ្យធុរជន និងអ្នកវិនិយោគបរទេស អាចធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាប្រកបដោយផ្លែផ្កា និងរីកចម្រើន ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានឆ្លៀតទទួល ជួបជាមួយថ្នាក់ ដឹក នាំ ក្រុមហ៊ុន ធំៗរបស់ជប៉ុនមួយចំនួន ដែលក្នុងនោះមានក្រុមហ៊ុន កំពុង វិនិយោគ នៅកម្ពុជាផងដែរ រួមមាន៖ លោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation, លោក ម៉ាសាយូគិ ហ៊ីយូដូ (Masayuki Hyodo) ប្រធាន និងជានាយក ប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation, លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI), លោក អ៊ិកាវ៉ា ណៅគី(Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package, លោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd, លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា (KAINUMA Yoshihisa) អគ្គនាយក ក្រុមហ៊ុន Minebea Mitsumi, លោក កាត្សឹណារី ម៉ាត្សឹដា (Katsunari Matsuda) នាយកក្រុមហ៊ុន Meiji Co., Ltd. និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Meiji Holding Co., Ltd. ឯកឧត្តម SAITO Ken រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម, លោក អូបាយ៉ាស៊ី តាកេអុ (Obayashi Takeo) ប្រធានផ្នែកទំនាក់ ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ (Kansai Economic Federation / KEF) និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION, លោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation, លោក Okada Motoya ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Aeon Mall Co., Ltd. លោក លី ម៉ូតូយុគិ (LI Motoyuki) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន NTT DOCOMO, INC. និងជួបជាមួយ លោក Masahiro Yanagihara សមាជិកក្រុមប្រឹក្សាក្រុមហ៊ុន DMG MORI ។
ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏មិនភ្លេចជួបសំណេះ សំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសជប៉ុនផងដែរ ៕
ដោយ៖វណ្ណលុក