រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ ការប្រឡងជ្រើសរើសមន្រ្តីក្នុង ក្របខ័ណ្ឌ ថ្មីរបស់ ក្រសួងមហាផ្ទៃ ត្រូវផ្ដល់អាទិភាពខ្ពស់ ជូនដល់ស្រ្តី
បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ ការប្រឡងជ្រើសរើស មន្រ្តីក្របខ័ណ្ឌថ្មីរបស់ក្រសួងមហាផ្ទៃ ទាំងក្របខ័ណ្ឌកងកម្លាំង ទាំងមន្ត្រីពន្ធនាគារ និងមន្រ្តីរាជការស៊ីវិល ក្រសួងលើកទឹកចិត្ត និងផ្តល់នូវអាទិភាពជូនទៅដល់ស្រ្តី។
ឯកឧត្តមអភិសន្តិបណ្ឌិតថ្លែងដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ក្របខ័ណ្ឌមន្រ្តីថ្មីរបស់ ក្រសួង មហាផ្ទៃយ៉ាងហោចណាស់ផ្តល់អាទិភាពនិងលើកទឹកចិត្តឱ្យមានស្រ្តីយ៉ាងតិច៣០ភាគរយ ខណៈដែលការជ្រើសរើសមន្រ្តីត្រូវ បំពេញឆ្លង កាត់ការប្រឡង និងផ្អែកលើសមត្ថភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំនិងជំរុញដល់ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវបន្តខិតខំក្នុងការ ដោះស្រាយ បញ្ហាសេសសល់ និងចំណុចខ្វះខាតដែលមិនទាន់បានបំពេញ ដើម្បី ឱ្យខេត្តបាត់ដំបងទទួលបានការជឿទុកចិត្តកាន់តែខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងសំដៅរួមគ្នា ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងការចូលរួមស្ដារសេដ្ឋកិច្ចសហគមន៍ខេត្ត ឱ្យកាន់ តែមានភាពល្អប្រសើរ ក្រោយពីបានបញ្ចប់ នូវ វិបត្តិកូវីដ-១៩។
តាមរយៈអង្គសន្និបាតរយៈពេលពីរថ្ងៃ(១៨-១៩ខែធ្នូ)ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការប្ដេជ្ញាចិត្តយ៉ាង មុតមាំ និង រួមគ្នា ក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងដើម្បីអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃ រដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា អង្គសន្និបាតប្រចាំរបស់រដ្ឋបាលខេត្តបាត់ ដំបងបានផ្តោត នូវការពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន៥ រួមមាន ៖១.ការគ្រប់ គ្រងសំរាម សំណល់រឹង និងរាវ,២.ការរៀបចំ និងការគ្រប់គ្រង សំណង់ មិនរៀបរយ,៣.ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ, ៤.ការ រៀបចំ ក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ (SMART CITY) និងទី៥.ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងកា រ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
អង្គសន្និបាតបានធ្វើការ វាយ តម្លៃចំណុចខ្លាំង ចំណុចខ្សោយនៃ ការអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានា ដែលនៅសេស សល់ និងធ្វើការពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីឈាន ទៅ អនុវត្តបានជោគជ័យថែមទៀតនៅឆ្នាំ២០២៤ខាងមុខ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)