សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់អគារដ៏ខ្ពស់ទំនើបទាន់ សម័យ របស់ធនាគារវីង ឆ្លុះបញ្ចាំងពី សុខសន្តិភាព ដែលជា មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការសម្រេចនៅក្នុងការវិនិយោគសាងសង់អគារដ៏ខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកទុកចិត្ត និងការជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារមកលើបរិយាកាសធុរកិច្ចរបស់កម្ពុជា និយាយជារួម គឺភាពធន់និងភាពរឹងមាំនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះភាពជោគជ័យរបស់ធនាគារវីង ដែលបានដើរតួជំរុញប្រតិបត្តិការជួយយ៉ាងច្រើនទៅដល់អាជីវករ ពាណិជ្ជករ និយោជិត និងប្រជាជនទូទាំងប្រទេស ឱ្យមានភាពងាយស្រួលទាក់ទិននឹងសុវត្ថិភាព ទំនុកចិត្ត និងចំណាយសោហ៊ុយតិចក្នុងការផ្ទេរប្រាក់ បើប្រៀបធៀបទៅនឹងការផ្ទេរប្រាក់តាមវិធីក្រៅផ្លូវការផ្សេងទៀត ។
សម្តេចធិបតី បានបញ្ជាក់ថា ធនាគារវីង បានដើរតួនាទីយ៉ាងសំខាន់ដោយសហការជាមួយក្រុមហ៊ុន ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល ។
សម្តេច បន្តថា គោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាលរួមមាន៖ ទី១- ការអនុវត្តគោលនយោបាយគាំពារសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងទី២- នៅពេលមានវិបត្តិនៃជំងឺកូវីដ-១៩ បានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមរួមទាំងការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរនិងទេសចរណ៍ដែលបានព្យួរការងារ ប្រជាពលរដ្ឋក្រីក្រដែលមានបណ្ណក្រីក្រកម្រិត១ និងកម្រិត២ ប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ធនាគារវីង បានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់ប្រជាជនប្រមាណ ៨០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនប្រមាណ ៣,៣លាននាក់ តាមបណ្តាញភ្នាក់ងារវីងជាង១,៥ម៉ឺនកន្លែងចាប់ពីខែមិនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣ ។ លើសពីនេះ ការអភិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក E-government របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់សេវាបើកប្រាក់បៀវត្សមន្រ្តីរាជការស្ថាប័នជាច្រើន សេវាទូទាត់វិក្ក័យបត្រពន្ធលើអចលនទ្រព្យ សេវាកម្មទូទាត់ស្លាកលេខរបស់ក្រសួងសាធារណការ និងដឹកនាំជញ្ជូន ការទូទាត់ពន្ធគយ និងការទូទាត់សេវាកម្មសាធារណៈផ្សេងៗទៀត ។
សូមជម្រាបថា អគារធនាគារ វីងថៅវើ ជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូប នៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយនឹងកម្ពស់ ១២០ ម៉ែត្រ អគារធនាគារ វីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើន នៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា។ អគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់នៅប្រណិតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។
អគារធនាគារ វីងថៅវើ មានកម្ពស់ ២៥ជាន់ ជាទីស្នាក់ការកណ្ដាលរបស់ធនាគារវីង ជាទីមោទកភាព ដែលជា គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ បានវិវត្តខ្លួនពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ទៅជាធនាគារពាណិជ្ជពេញលេញ។ ផ្នែកនៃអគារនេះចំនួន ៣ជាន់ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់សេវាកម្មធនាគារជូនដល់អតិថិជនទូទៅ ក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារ ប្រកបដោយប្រណិតភាព និងឯកជនភាពបំផុត។ បន្ថែមលើភាពទាក់ទាញទាំងនេះ អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌលនវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារ វីង បន្តនូវចក្ខុវិស័យយ៉ាងសកម្មរបស់ខ្លួន ក្នុងការដឹកនាំបង្កើតនូវដំណោះស្រាយឌីជីថល សម្របតាមតម្រូវការប្រជាជន កម្ពុជាគ្រប់រូប ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ