អង្គការស៊ីម៉ាក់ទទួលជំនួយជិត ៥០ម៉ឺនដុល្លារបោសសំអាតផ្ទៃដីមានមីន និងគ្រាប់មិនទាន់ផ្ទុះ ៦៣០ហិកតា (Video Inside)

អង្គការស៊ីម៉ាក់ បានទទួលជំនួយជិត ៥០ម៉ឺនដុល្លារ ពីអង្គការ JMAS ប្រចាំកម្ពុជា ដើម្បីបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងខេត្តជាប់ព្រំដែនចំនួនពីរ ក្នុងរយៈពេលមួយឆ្នាំ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅទី២០ធ្នូឆ្នាំ២០២៣នេះ រវាងអង្គការ JMAS ប្រចាំកម្ពុជា និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់។ យោងតាមកិច្ចព្រមព្រៀង ជំនួយជិត ៥០ម៉ឺនដុល្លារនេះ នឹងត្រូវប្រើប្រាស់ក្នុងការបោសសំអាតមីន ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងការបោសសម្អាតតំបន់គ្រាប់បែកចង្កោម ក្នុងខេត្តស្ទឹងត្រែងរវាងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤»។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានថ្លែងគម្រោងត្រូវបោសសំអាត ក្នុងខេត្តទាំង២នោះ មានផ្ទៃដីសរុបចំនួន ៦៣០ហិកតា។ លោកបានថ្លែងបញ្ជាក់ថា គម្រោងចុងក្រោយនេះ គឺជាគម្រោងទី៣ ខណៈការបោសសំអាតឆ្នាំទី១ និងឆ្នាំទី២ គេបានរំដោះផ្ទៃដីចំនួន ១ពាន់ ១៨៥ហិកតា, រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានចំនួន ១ពាន់ ៦៧១គ្រាប់ និងគម្រោងនេះ បានជួយប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ ចំនួន ៦ម៉ឺន ៤ពាន់ ១៩នាក់៕

ads banner