វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៣ មានដាក់ QR Code ស្តង់ដា”
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូន ដល់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ព្រមទាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ សិស្សានុសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងទទួលបាន វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សា ទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់ អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។
នៅក្នុងសេចក្តីជូនដំណឹងដដែលបានឱ្យដឹងដែរថា សិស្សានុសិស្ស អាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំ ចូលសិក្សានៅ គ្រឹះស្ថាន ឧត្តមសិក្សាទាំងអស់ ដោយពុំតម្រូវឱ្យ ធ្វើនីត្យានុកូលកម្មលើ ឯកសារថតចម្លង នៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ ជាក្រដាស ឡើយ ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាចស្តេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។ នេះជាលើកទី២ ដែល កអ.យ.កនិង ក.បទបានធ្វើកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យ ប្រើប្រាស់ វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដា”។
កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តជំរុញការប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថលឱ្យបានទូលំទូលាយដើម្បីឱ្យការផ្តល់សេវាសាធារណៈកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។
ជាមួយគ្នានេះ សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ (Soft Copy) ដោយចូលទៅក្នុង Telegram Bot ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ” តាមរយៈតំណភ្ជាប់ https://go.gov.kh/bac-ii ឬស្ថាន QR Code ដូចមានជូនភ្ជាប់ខាងក្រោម បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិជាឯកសាររឹង (Hard Copy) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តនិងនៅតាមគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈ និងឯកជន៕
ដោយ ង៉ាន់ ទិត្យ