គណបក្សប្រជាជនកម្ពុជា បានលំដាប់លេខរៀងសម្គាល់ទី១ ក្នុងការបោះឆ្នោតព្រឹទ្ធសភា (Video Inside)
ការចាប់យកលំដាប់លេខរៀងចំពោះគណបក្សនយោបាយទាំង៤ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងខែកុម្ភៈខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជាបានទទួលលេខរៀងទី១។
ការចាប់ឆ្នោតដើម្បីកំណត់លេខរៀងសម្គាល់របស់គណបក្សនយោបាយទាំង៤ នៅថ្ងៃទី២៨ធ្នូ ឆ្នាំ២០២៣ នាបរិវេណគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានគជប លោក ប្រាជ្ញ ចន្ទ និងការនិមន្តយាងចូលរួមពីសម្តេចព្រះសង្ឃរាជទាំងពីរគណៈនិកាយ។
នៅក្នុងការចាប់ឆ្នោតយកលំដាប់លេខរៀងនោះ, គណបក្សប្រជាជនកម្ពុជាបានទទួលលំដាប់លេខរៀងទី១, ចំណែកគណបក្សឆន្ទៈខ្មែរ បានលេខរៀងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ បានលេខរៀងទី៤។
ប្រធានគជប លោក ប្រាជ្ញ ចន្ទ បានថ្លែងថា លទ្ធផលនៃការចាប់ឆ្នោតនេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់គណបក្សនយោបាយទាំងអស់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងបង្កភាពងាយស្រួលដល់អ្នកទៅបោះឆ្នោត និងអង្គបោះឆ្នោតផងដែរ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល។ អ្នកអញ្ជើញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាពេលខាងមុខនេះ គឺអ្នកតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ក្នុងតំណែង នៅក្នុងក្របខណ្ឌ នៃភូមិភាគនីមួយៗ ដែលអង្គអ្នកបោះឆ្នោតសរុបមាន ១ម៉ឺន ១ពាន់ ៧៤៧នាក់។ ប្រធានគជប ដដែលបានថ្លែងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥មករាឆ្នាំ២០២៤