អ្នកនាំពាក្យក្រសួងការបរទេស ៖ ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុនទេ
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤បានបញ្ជាក់អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុនបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_14-51-13-1024x662.jpg)
ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា៖
១. សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ក្រសួងការ បរទេស និងស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បាននិងកំពុងតាមដានដោយយក ចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយ ចំនួនរស់នៅក្នុងប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរសព្ទ ០៨០ ៤៦៨៩ ៩៣៧៤) និងទំព័រហ្វេសបុករបស់ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់ការទំនាក់ទំនងដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ។
២.យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរចំនួនជាង ១ ៦០០ នាក់ ដែល រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ។ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា (គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក) ពុំមានរបាយការណ៍ អំពីករណីពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីខាងលើទេ។ ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរចំនួន៣រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន៥រូបផ្សេងទៀត ដែលស្ថិតក្នុងខេត្ត Niigata ត្រូវបានជម្លៀសមក ទីតាំងមានសុវត្ថិភាពរួចហើយ។ ស្ថានទូតកម្ពុជានឹងបន្តតាមដាន និងសហការជាមួយ អាជ្ញាធរជប៉ុនពាក់ព័ន្ធ ដើម្បីរាយការណ៍ជាប្រចាំអំពីស្ថានភាពវិវត្តន៍។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_14-51-15-1024x619.jpg)
៣. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវពលរដ្ឋខ្មែរដែលកំពុង រស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរពនិងអនុវត្តតាម ការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕
ដោយ៖ពលជ័យ
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_14-51-18-1024x699.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-02_14-45-31-724x1024.jpg)