អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីនៅ ក្នុងប្រទេស ជប៉ុនទេ
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤បានបញ្ជាក់អំពីស្ថានភាព ពលរដ្ឋ ខ្មែររស់នៅក្នុងប្រទេសជប៉ុនបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា
១. សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាពចម្បងបំផុតរបស់ រាជរដ្ឋាភិបាល ក្រសួងការ បរទេស និងស្ថានទូតកម្ពុជា ប្រចាំប្រទេស ជប៉ុន បាននិងកំពុងតាមដានដោយយក ចិត្តទុកដាក់នូវការវិវត្តនៃគ្រោះ ធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទង ពលរដ្ឋខ្មែរមួយ ចំនួនរស់ នៅក្នុង ប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរសព្ទ ០៨០ ៤៦៨៩ ៩៣៧៤) និងទំព័រហ្វេសបុករបស់ ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់ការទំនាក់ទំនង ដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់ ណាមួយ។
២.យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរចំនួនជាង ១ ៦០០ នាក់ ដែល រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ។ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា (គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក) ពុំមានរបាយការណ៍ អំពីករណីពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីខាងលើទេ។ ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរចំនួន៣រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន៥រូបផ្សេងទៀត ដែលស្ថិតក្នុងខេត្ត Niigata ត្រូវបានជម្លៀសមក ទីតាំងមានសុវត្ថិភាពរួចហើយ។ ស្ថានទូតកម្ពុជានឹងបន្តតាមដាន និងសហការជាមួយ អាជ្ញាធរជប៉ុន ពាក់ព័ន្ធ ដើម្បីរាយការណ៍ជាប្រចាំអំពីស្ថានភាពវិវត្តន៍។
៣. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវពលរដ្ឋខ្មែរដែលកំពុង រស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរពនិងអនុវត្តតាម ការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕
ដោយ៖វណ្ណលុក