ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បង្ខំឱ្យមនុស្ស ២,២០០នាក់ភៀសខ្លួនចេញពីលំនៅដ្ឋាន

ហ្សាការតា៖ មន្ត្រីក្នុងតំបន់នៅថ្ងៃអង្គារសប្តាហ៍នេះនិយាយថា អ្នកស្រុកជាង ២,២០០នាក់ ភៀសខ្លួនទៅជ្រកកោនក្នុងជម្រកបណ្តោះអាសន្ន ស្របពេលដែលភ្នំភ្លើងសកម្មភាពមួយ បានផ្ទុះឡើងនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។

ភ្នំភ្លើង Lewotobi Laki-Laki ក្នុងខេត្ត East Nusa Tenggara បានផ្ទុះជាច្រើនដងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការផ្ទុះម្តងទៀតនៅថ្ងៃចន្ទ ដែលបានបញ្ចេញផេះភ្នំភ្លើងកម្ពស់ ១.៥គីឡូម៉ែត្រ នេះបើតាមទីភ្នាក់ងារភូគព្ភសាស្រ្ត និងភ្នំភ្លើងឥណ្ឌូនេស៊ី (PVMBG)។

ទីភ្នាក់ងារនេះបានកត់ត្រាការផ្ទុះមួយផ្សេងទៀតចេញពីមាត់ភ្នំភ្លើង Lewotobi Laki-Laki នៅថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ចេញផេះទេ។ អាជ្ញាធរក្នុងតំបន់និយាយថា ផេះភ្នំភ្លើងកើតចេញពីការផ្ទុះនាពេលថ្មីៗនេះ បានប៉ះពាល់ដល់សង្កាត់ចំនួនពីរនៅជិតភ្នំ និងជំរុញឱ្យអ្នកស្រុកជាង ២,២០០នាក់ភៀសខ្លួនទៅជ្រកកោនក្នុងជម្រកបណ្តោះអាសន្ន ដែលបង្កើតឡើងដោយរដ្ឋាភិបាលក្នុងតំបន់។ ផេះភ្នំភ្លើងក៏បង្ខំឱ្យអាកាសយានដ្ឋាន Frans Seda បិទដំណើរការចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីដែលមានប្រជុំកោះជាង ១៧,០០០ មានភ្នំភ្លើងសកម្មជិត ១៣០ ហើយប្រទេសនេះ ស្ថិតនៅលើខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក “Ring of Fire” ដែលមានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីកើតឡើងជាញឹកញាប់។ ជាក់ស្តែង កាលពីខែមុន ភ្នំភ្លើង Marapi នៅលើកោះស៊ូម៉ាត្រា បានផ្ទុះឡើង ហើយមនុស្ស ២៣នាក់បានស្លាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner