រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រួលនិងផ្ទេរភារកិច្ចមន្ត្រីចំនួន១៦៦រូប នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី៣ ខែមករានេះថា វឌ្ឍនភាពនៃកិច្ចការត្រួតពិនិត្យទៅលើគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រួមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រួលនិងផ្ទេរភារកិច្ចមន្ត្រីចំនួន១៦៦រូប ដោយក្នុងនោះ គឺមានឋានៈជាអនុប្រធានលេខាធិការដ្ឋាន (អនុប្រធាននាយកដ្ឋាន) ចំនួន៣០រូប, ឋានៈនាយរងការិយាល័យ ចំនួន៧៥រូប និងឋានៈជាមន្ត្រីចំនួន៦១រូប ឱ្យទៅបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា មន្ត្រីទាំង១៦៦រូប ដែលត្រូវផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាល និងអគ្គនាយកដ្ឋានមានដូចជា៖
១.ឱ្យទៅបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន១២១រូប ដែលមានឋានៈអនុប្រធាននាយកដ្ឋានចំនួន១៤រូប, នាយរងការិល័យ៥៧រូប និងឋានៈជាមន្ត្រីចំនួន ៥០រូប។
២.ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានធនធានមនុស្ស ចំនួន៤រូប មានឋានៈជាមន្ត្រី
៣.ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន២៦រូប ដែលមានឋានៈជាអនុប្រធាននាយកដ្ឋានចំនួន១១រូប, ឋានៈនាយរងការិយាល័យចំនួន១៣រូប និងឋានៈជាមន្ត្រីចំនួន២រូប។
៤.ឱ្យទៅបម្រើការងារនៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចំនួន៥រូប ដែលមានឋានៈជាអនុប្រធាននាយកដ្ឋាន ចំនួន២រូប, ឋានៈនាយរងការិយាល័យ ចំនួន២រូប និងឋានៈជាមន្ត្រីចំនួន១រូប។
៥.ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន១រូប មានឋានៈជាមន្ត្រី
៦.ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចំនួន៤រូប ដែលមានឋានៈជាអនុប្រធាននាយកដ្ឋាន ចំនួន២រូប និងឋានៈជាមន្ត្រីចំនួន២រូប។
៧.ឱ្យទៅបម្រើការងារនៅបណ្ឌិតសភានគរបាលកម្ពុជា ចំនួន ៣រូប ដែលមានឋានៈជាអនុប្រធាននាយកដ្ឋានចំនួន ១រូប និងឋានៈនាយរងការិយាល័យចំនួន ២រូប។
៨.ឱ្យទៅបម្រើការងារនៅក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ចំនួន១រូប មានឋានៈជានាយរងការិយាល័យ។
៩.ឱ្យទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចំនួន១រូប មានឋានៈជាមន្ត្រី។
ប្រភពដដែលបានបញ្ជាក់ថា “នេះមិនមែនជាការបញ្ចប់តួនាទីភារកិច្ចរបស់អស់លោកនៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឬជាការបណ្តេញចេញទេ ពោលគឺជាការផ្ទេរ និងសម្រួលភារកិច្ចឱ្យវិលទៅត្រឡប់ទៅអង្គភាពដើមរបស់ខ្លួនញ។ ដូច្នេះដើម្បីពង្រឹងនូវអង្គភាពនេះឡើងវិញ ទាំងសមាសភាព ទាំងសិទ្ធិអំណាច ទាំងតួនាទីភារកិច្ច ជារួមគឺរចនាសម្ព័ន្ធឡើងវិញ គឺត្រូវតែធ្វើនីតិវិធីបែបនេះមួយដំណាក់កាលសិន”៕
ដោយ៖ពលជ័យ