ក្រសួងការបរទេស៖ ជំនួបទ្វេភាគីនាពេលខាងមុខ រវាងសម្តេចធិបតី និងប្រធានាធិបតីបារាំង គឺបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៣ ខែធ្នូនេះថា ជំនួបទ្វេភាគីនាពេលខាងមុខរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង គឺឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ព្រមទាំងរួមគ្នាដោះស្រាយការប្រឈមសកល និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ ប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្តេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាចុងខែសីហា ឆ្នាំ២០២៣។

គួរឱ្យដឹងដែរថា តាមឆាណែលតេឡេក្រាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ ទស្សនកិច្ចជាលើកទីមួយរបស់សម្តេចធិបតីនៅប្រទេសបារាំងបន្ទាប់ពីឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងជំរុញទៅមុខនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យោងតាមសារលិខិតរបស់ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី (បកប្រែក្រៅផ្លូវ) បានឱ្យដឹងថា : “ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខ។

ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។ ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់”៕
ដោយ៖ពលជ័យ

ads banner