នាយកវិទ្យាស្ថានកំពង់ចាម៖ វគ្គបណ្តុះបណ្តាលជំនាញ ជាឱកាសមាស សម្រាប់យុវជន
ភ្នំពេញ៖ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានធ្វើបទសម្ភាសន៍មួយអំពី កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដែលជ្រោមជ្រែង ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងគោលបំណង ជួយសម្រួល និស្សិតមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងផ្តល់ជំនាញជាក់លាក់មួយ ដល់យុវជន ដើម្បីជាយាន្តចូលប្រលូកក្នុងទីផ្សារការងារ ។
លោក ហាវ ធិន បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ទៅដល់យុវជនជាយុទ្ធសាស្រ្តដ៏មានសក្តានុពលមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញឱ្យយុវជន មានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន សម្រាប់ជីវិត ក្នុងការស្វែងរកការងារសមរម្យ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ។
លោក ហាវ ធិន បានបន្តថា «យុវជន មានឱកាសល្អណាស់ ក្នុងការ ចាប់ យក ជំនាញ ជាក់លាក់ ដែលជាតម្រូវការទីផ្សារការងារខ្ពស់»។
ស្របទៅតាមស្ថានភាពបច្ចុប្បន្ន ក្នុងលំហរទីផ្សារ នៅកម្ពុជា មានកំណើនខ្លាំងក្លានិងប្រគួតប្រជែងគ្នា។ ក្នុងទិដ្ឋភាពនេះ លោក តម្រូវឱ្យយុវជនទាំងអស់ ត្រូវមានជំនាញមួយក្នុងជីវិត ដែលអាចជួយជ្រោមជ្រែង ជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ។
លោកថា «ក្នុងមួយជីវិតយុវជនម្នាក់ ត្រូវមានជំនាញមួយ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។ យ៉ាងណាម៉ិញ លោក បានអំពាវនាវឱ្យយុវជនទាំងអស់ ចេះចាប់យកឱកាសមាស ឱកាសប្រាក់ ដែលរាជរដ្ឋាភិបាល បានដាក់ជាគោលនយោបាយ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យទូទាំងប្រទេស។
សូមបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលប្រមុខរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីឱ្យយុវជន មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រគួតប្រជែងក្នុងទីផ្សារការងារ ៕
ដោយ ៖ វណ្ណលុក



