អេក្វាឌ័រប្រកាសអាសន្នទូទាំងប្រទេស ក្រោយមេក្លោងក្រុមឧក្រិដ្ឋជនដ៏ធំបាត់ខ្លួនពីគុក
គីតូ៖ ប្រធានាធិបតីអេក្វាឌ័រ លោក ដានីញែល ណូបោ នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសអាសន្ននៅទូទាំងប្រទេស ក្នុងនោះរួមទាំងប្រព័ន្ធពន្ធធនាគារ បន្ទាប់ពីមេក្លោងក្រុមឧក្រិដ្ឋជនដ៏គ្រោះថ្នាក់បំផុត បានបាត់ខ្លួនចេញពីមន្ទីរឃុំឃាំង។
ប្រធានាធិបតីអេក្វាឌ័រ លោក ដានីញែល ណូបោ បានបង្ហោះសារនៅលើបណ្តាញសង្គមអ៊ីស្តាក្រាម យ៉ាងដូច្នេះថា ខ្ញុំទើបតែបានចុះហត្ថលេខាលើក្រឹត្យមួយ ក្នុងការប្រកាសអាសន្ន ដើម្បីឱ្យកងកម្លាំងប្រដាប់អាវុធ មានការគាំទ្រទាំងផ្នែកនយោបាយ និងផ្លូវច្បាប់ទាំងអស់ នៅក្នុងសកម្មភាពរបស់ពួកគេ ប្រឆាំងនឹងពួកភេរវករ។ លោក ណូបោ បានសង្កត់ធ្ងន់ថា យើងនឹងមិនចរចាជាមួយពួកភេរវករទេ ហើយក៏មិនសម្រាកដែរ រហូតដល់យើងនាំយកសន្តិភាពដល់ប្រជាជនអេក្វាឌ័រទាំងអស់ត្រឡប់មកវិញ។
មេក្លោងដ៏ធំបំផុតនៃក្រុមឧក្រិដ្ឋជន ឡូស ឆនណឺរ៉ឺស គឺលោក ចូស អាដុលហ្វូ ម៉ាឆៀល បានបាត់ខ្លួនចេញពីពន្ធធនាគារ កាលពីថ្ងៃអាទិត្យ ហើយក្រុមសមត្ថកិច្ចបាននឹងកំពុងចេញប្រតិបត្តិការស្វែងរក។ លោក ម៉ាឆៀស មានឈ្មោះហៅក្រៅថា «Fito» រងការកាត់ទោសក្នុងឆ្នាំ ២០១១ ឱ្យជាប់គុក ៣៤ឆ្នាំ ពីបទឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការជួញដូរគ្រឿងញៀន និងឃាតកម្ម។
ក្រុមឧក្រិដ្ឋជន ឡស ឆនណឺរ៉ឺស របស់លោក ម៉ាឆៀល គឺជាអង្គការឧក្រិដ្ឋជនដែលមានទំនាក់ទំនងជាមួយការជំរិតទារប្រាក់ ឃាតកម្ម និងការជួញដូរគ្រឿងញៀន ក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងៗទៀត ហើយបានរងការចោទប្រកាន់ពីបទគ្រប់គ្រងគុកសំខាន់ៗរបស់អេក្វាទ័រ។
គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនដែលជាគូប្រជែងនឹងគ្នា បានប៉ះទង្គិចគ្នាជាញឹកញាប់នៅក្នុងពន្ធធនាគារ ដែលមានអ្នកទោសច្រើនកកកុញរបស់ប្រទេសអេក្វាឌ័រ ហើយតួលេខផ្លូវការបង្ហាញថា អ្នកទោសជាង ៤០០នាក់បានស្លាប់ ដោយសារតែការប៉ះទង្គិចគ្នាចាប់តាំងពីឆ្នាំ ២០២១៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា