សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើ ប្រធាន អនុប្រធាន ក្រុមការងារ គណបក្ស ចុះមូលដ្ឋាន បន្តខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍ ខេត្តតាកែវ
(ខេត្តតាកែវ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នារសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តម អ៊ូច ភា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានធ្វើរបាយការណ៍សកម្មភាពរបស់គណបក្សខេត្ត ជូនអង្គពិធីរួចមក ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដោយត្រូវបានចាត់តាំង ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ ជំនួស ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងចាត់តាំង ឯកឧត្តម គី តិច ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ។
ក្នុងពិធីនោះផងដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានប្តេជ្ញាចិត្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ មានប្រសិទ្ធភាពខ្ពស់ ប្តេជ្ញាគោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដែលបានយកចិត្តខ្ពស់ក្នុងការដឹកនាំក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តតាកែវ ដោយសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ ឯកឧត្តម ជា វ៉ាន់ដេត និង ឯកឧត្តម គី តិច ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ឲ្យអស់ ពីលទ្ធភាព ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តតាកែវ ឱ្យមានការរីក ចម្រើន ថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ របស់ គណ បក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែល ថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃឲ្យបាន រឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅ កាន់ ការបោះឆ្នោតនៅអាណត្តក្រោយៗទៀត ឲ្យទទួលបានលទ្ធផលជោគជ័យ ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា