នាយករដ្ឋមន្ត្រី៖ ឪពុក ម្តាយ បានលះបង់យ៉ាងច្រើន ដើម្បីការសិក្សារបស់កូនៗ ដោយមិនឱ្យកូនបោះបង់ចោលការសិក្សា
(ភ្នំពេញ)៖ ឪពុក ម្តាយ បានលះបង់យ៉ាងច្រើន ដើម្បីការសិក្សារបស់កូនៗ ដោយមិនឱ្យកូនបោះបង់ចោលការសិក្សា ។ នេះជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានជួយធ្វើឱ្យសម្រេចជោគជ័យ ចំពោះការសិក្សារបស់សិស្ស ពិសេស តួអង្គឪពុក ម្តាយ បានលះបង់យ៉ាងច្រើន សម្រាប់ការសិក្សារបស់កូនៗ ។
សម្តេច បានគូសបញ្ជាក់ថា មាតាបិតា អ្នកអាណាព្យាបាល បានខិតខំខ្លាំង ពិសេសបញ្ហាជីវភាពរស់នៅ ដើម្បីឱ្យកូនៗបានសិក្សារៀនសូត្រ ដោយមិនឱ្យកូនបោះបង់ចោលការសិក្សា ។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះក្មួយៗដែលមិនបានទទួលលទ្ធផលល្អ សូមកុំបោះបង់ចោល ព្រោះផ្លូវនៅវែងឆ្ងាយ ដែលត្រូវតែដើរទៅមុខបន្តទៀត ។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ៦ វិច្ឆិកា ២០២៣ ដោយមានបេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១៣៧,៤១២នាក់ ស្រី ៥៣,៣២ភាគរយ, បេក្ខជនបានមកប្រឡងចំនួន ១៣៥,០៧២នាក់ ស្រី ៥៣,៥៦ភាគរយ និងបេក្ខជនបានប្រឡងជាប់សរុប ៩៨,៤៦០ នាក់ ( ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុប )។ ក្នុងនោះបេក្ខជនទទួលបាន៖ និទ្ទេស A ចំនួន ១,៦៧៣នាក់ , និទ្ទេស B ចំនួន ៦,៩៦៤ នាក់ , និទ្ទេស C ចំនួន ១៨,៣០៨ នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និង និទ្ទេស E ចំនួន ៣៧,២៦៩ នាក់ ។
ជាមួយគ្នានេះ ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២៣ សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេសមានបេក្ខជនចុះឈ្មោះប្រឡងសរុប ៨៨៨ នាក់ ស្រី ៣៤៤ នាក់,បេក្ខជនមកប្រឡងសរុប ៨៨៦នាក់ ស្រី ៣៤៤ នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ៨៧៩នាក់ គិតជាភាគរយស្មើនឹង ៩៩,២១% នៃចំនួនបេក្ខជន មកប្រឡងសរុប។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A សរុបចំនួន ១៨ នាក់ ស្រី ១៤ នាក់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ