ការកែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ «អ្នកចេះគឺជាប់» កំពុងមានវឌ្ឍនភាព និង ចីរភាព ក្នុងនោះមានតួអង្គសំខាន់ ៥ ជួយឱ្យបេក្ខជនជាប់និទ្ទេស A ច្រើន
(ភ្នំពេញ)៖ ការកែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ «អ្នកចេះគឺជាប់» កំពុង មាន វឌ្ឍនភាព និងចីរភាព ក្នុងនោះមានតួអង្គ ០៥សំខាន់ ជួយឱ្យបេក្ខជនជាប់និទ្ទេស A ច្រើន ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះ សំណាល ជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះសិស្សដែលបានប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដែលមានចំនួន ៩៨០០០នាក់ ស្មើនឹង ៧២,៨៩% នៃ បេក្ខជនសរុប។
សម្តេច បន្តថា ការណ៍នេះបានបង្ហាញពីវឌ្ឍនភាព និងចីរភាព នៃកំណែទម្រង់ការ ប្រឡងសញ្ញាបត្រទុតិយភូមិ ដែលឈរលើគោលការណ៍ «អ្នកចេះគឺជាប់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមិន បាន ប្រឡងជាប់ ដោយសម្ដេចបានណែនាំកុំឱ្យបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ហើយបន្តដំណើរទៅមុខទៀត ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា បេក្ខជនជាប់និទ្ទេស A ទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមខិតខំប្រឹងប្រែង ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសតួអង្គ ០៥សំខាន់ មានដូចជា៖
១⁃ សិស្សានុសិស្សខ្លួន ឯងផ្ទាល់, ២⁃ ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ, ៣⁃ ការជួយជ្រោមជ្រែងពីមាតាបិតា-អាណាព្យាបាលរបស់សិស្សានុសិស្ស ទាំងអស់, ៤⁃ ការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និង កីឡា និង ៥⁃ ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែងផ្តល់លទ្ធភាព បំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្សនៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អ ក្នុងការសិក្សា និង ការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A នេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ