សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កំណែទម្រង់ការប្រឡងបាក់ឌុប គឺធ្វើឱ្យសិស្ស មានទំលាប់ មានទស្សនៈ មិនពឹងអ្វីដែលនៅខាងក្រៅខ្លួន
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់ការប្រឡងបាក់ឌុប គឺធ្វើឱ្យសិស្សមានទំលាប់ មានទស្សនៈ មិនពឹងអ្វីដែលនៅខាងក្រៅខ្លួន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កំណែទម្រង់ការប្រឡងបាក់ឌុប អ្នកចេះជាប់ អ្នកមិនចេះធ្លាក់ គឺជាការលុបបំបាត់វប្បធម៌អន្តាគមន៍ យុវជនចេះគិត និងទទួលខុសត្រូវខ្លួនឯង”។
សម្តេច បានបញ្ជាក់ថា “ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ”។
សម្តេចធិបតី បានបន្តថា សិស្សបានខិតខំខ្លួនឯង ឪពុកម្តាយអាណាព្យាបាលមិនរត់ទៅពឹងអ្នកណាឱ្យកូនជាប់បានទេ ហើយក៏ទទួលយកលទ្ធផលការប្រឡង ដោយមិនបន្ទោសទៅអ្នកណា ឬក៏សង្គមឡើយ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កំណែទម្រង់ការប្រឡងបាក់ឌុបនេះ គឺធ្វើឱ្យធ្វើឱ្យសិស្សមានទំលាប់មានទស្សនៈមិនពឹងអ្វីដែលនៅខាងក្រៅខ្លួន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ