ប្រមុខរាជរដ្ឋាភិបាលបង្ហាញពីចតុស្តម្ភចំនួន ៤ សម្រាប់ការអប់រំ

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗ សិស្សនិទ្ទេស A ចំនួនជាង ១ ៦០០ នាក់ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយ ចង្វារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជា ណាចក្រកម្ពុជា បានបង្ហាញពីចតុស្តម្ភទាំង ៤ សម្រាប់ការ អប់រំ ។
ចតុស្ដម្ភទាំង៤ រួមមាន៖ ១. អប់រំដើម្បីចេះដឹងដោយ គ្រប់ជ្រុង ជ្រោយ ច្បាស់លាស់, ២. អប់រំដើម្បីមានចំណេះធ្វើ, ៣. អប់រំដើម្បី ជាពលរដ្ឋល្អ និង ៤. អប់រំដើម្បីរស់នៅក្នុងសង្គមប្រកប ដោយ សុខ ដុមរមនា ។

សម្ដេចធិបតី ក៏បានចាត់ទុកលទ្ធផលសិស្សនិទ្ទេស A ជានិមិត្តរូប នៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹង ប្រែង រៀនសូត្ររបស់ ក្មួយៗផ្ទាល់ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់យើងផងដែរ ជាពិសេស ការ ជួយ គាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។

សម្ដេចបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និង បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ជាក់ស្តែងការធ្វើកំណែ ទម្រង់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះ ចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការ កើនឡើងជាលំដាប់ ក្រោមទិសស្លោក “អ្នកចេះ គឺជាប់” ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីកម្ពុជា អាចអភិវឌ្ឍ ទៅបាន យើងត្រូវការធនធានមនុស្ស ហើយចំណុចអាទិភាពនេះ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាបញ្ចកោណទី១ ដ៏មានសារៈសំខាន់ ដោយក្នុងនោះ «ការពង្រឹងគុណភាព វិស័យ អប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមាន គោលដៅផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បូជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំ កម្ពុជា ឆ្ពោះទៅសម្រេចបាននូវមហិច្ឆិតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូល កម្រិតខ្ពស់ នៅឆ្នាំ២០៥០ ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner