សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់ បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញ ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់ បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញ ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី បានថ្លែងលើកទឹកចិត្តដល់បេក្ខជនប្រឡងជាបើនិទ្ទេស A ឱ្យខិតខំរៀនសូត្របន្តទៀត ដោយបានផ្តាំផ្ញើថា ចេះអ្វីក៏ដោយឱ្យតែចេះប្រាកដ គឺល្អបំផុតដើម្បីបង្កើនជីវភាព។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់ បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញដែលខ្លួនជ្រើសរើស ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយចូលរួមអភិឌ្ឍន៍ប្រទេសជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ គឺជាតួអង្គយ៉ាងសំខាន់ ដែលធ្វើឲ្យសិស្សានុសិស្សសម្រេចបានជោគជ័យក្នុងការសិក្សារៀនសូត្រ បន្ទាប់ពីការខិតខំដោយខ្លួនឯង និងការជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ បន្តការស្រាវជ្រាវ និងបន្តចែករំលែកចំណេះដឹងដល់សិស្ស ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ