គម្រោងជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត ត្រូវបានបញ្ចប់

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៩ខែមករានេះថា ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ បញ្ចប់ជា ស្ថាពរ។ ការជួសជុល ដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួស ជុលតាំងពី ដើមខែមករា ឆ្នាំ២០២៣មក។

ប្រភពដដែលបានស្រង់សម្ដីមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មកបញ្ជាក់ថា ក្នុង គម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទ អង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពី តាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។

លោក ឃាម មុនី បន្តថាបន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាម ផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាម កន្លែងដើម ឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូច ខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរ ដូចជា រុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ព័ន្ធរបស់ ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញដែរ។

ខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្តដែលមានអាយុកាលនៃសំណង់យូរលង់មកហើយបានរងការខូចខាតដោយសារតែ ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះ ធ្វើឱ្យថ្ម រហែកញែកចេញពីគ្នារួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាម ចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។

អាជ្ញាធរជាតិអប្សរាបានបន្តថា ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់។ដូច្នេះហើយបានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផងនិងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យ កាន់តែមានជម្រើសច្រើនផង៕
ប្រភពនិងរូបភាពអាជ្ញាធរជាតិអប្សរា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner