ប្រមុខការទូតចិនថ្លែងថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក “មានស្ថេរភាព” កាលពីឆ្នាំមុន

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្នុងថ្ងៃអង្គារនេះ ថ្លែងថា កាលពីឆ្នាំមុន ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក “មានស្ថិរភាព” ខណៈដែលមហាអំណាចទាំងពីរព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំនៅឆ្នាំ ២០២៤។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានទទួលស្គាល់ថា ទំនាក់ទំនងរវាងចិន-អាមេរិកបានជួបការលំបាកខ្លាំងកាលពីដើមឆ្នាំមុន ហើយថា បន្ទាប់ពីការខិតខំប្រឹងប្រែង ភាគីទាំងពីរបានរៀបចំរចនាសម្ព័ន្ធទំនាក់ទំនង និងការសន្ទនាឡើងវិញ ហើយទំនាក់ទំនងទ្វេភាគីបានឈប់ធ្លាក់ចុះ និងមានស្ថិរភាព។

លោក វ៉ាង បានសង្កត់ធ្ងន់ថា លោក បៃដិន បានសន្យាជាមួយលោក ស៊ី ថា សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ទេ ក្នុងអំឡុងកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរកាលពីឆ្នាំមុន។ លោក បៃដិន ក៏បានចាត់ទុកប្រទេសចិនថា ជាមហាអំណាចមាន “ទទួលខុសត្រូវ” ដែលតែងតែប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងឈរខាងភាពយុត្តិធម៌ ក៏ដូចជាប្រឆាំងដាច់ខាតនូវលទ្ធិអនុត្តរភាព និងនយោបាយប្រើអំណាច។

សូមជម្រាបថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានជួបភាពតានតឹងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់ពីបញ្ហាបច្ចេកវិទ្យា និងពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស ក៏ដូចជាភាពតានតឹងរឿងកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

យ៉ាងណាមិញ ដើម្បីបន្ធូរបន្ថយភាពតានតឹងដ៏អាក្រក់បំផុតមួយចំនួនក្នុងទសវត្សរ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបសមភាគីចិន លោក ស៊ី ជីនពីង ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកា សម្រាប់កិច្ចពិភាក្សាដែលភាគីទាំងពីរបានពិពណ៌នាថា ជាជោគជ័យមួយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner