សមុទ្រមរណៈ ឬ Dead Sea ជាសមុទ្រមានជាតិប្រៃជាងគេបំផុតលើពិភពលោក
ហ្ស៊េរុយសាឡឹម៖ មូលហេតុគេហៅថា សមុទ្រមរណៈ ឬ Dead Sea ព្រោះវាមានជាតិប្រៃខ្ពស់ពេក ដែលទប់ស្កាត់សារពាង្គកាយសត្វអេកូឡូស៊ី ដូចជាត្រី និងរុក្ខជាតិក្នុងទឹក កុំឲ្យរស់នៅទីនោះបាន ដែលប្រការនេះធ្វើឲ្យមានតែបរិមាណបាក់តេរី និងផ្សិតមួយចំនួនរស់នៅប៉ុណ្ណោះ។
សមុទ្រមរណៈ ឬ Dead Sea គឺជាសមុទ្រមានជាតិប្រៃជាងគេបំផុតលើពិភពលោក។ តាមពិតវាមិនមែនជាសមុទ្រទេ តែវាជាបឹងទឹកប្រៃ (Salt lake) មានដង់ស៊ីតេអំបិលខ្ពស់បំផុត។ បរិយាកាសនៅទីនោះ មានពន្លឺថ្ងៃគ្រប់គ្រាន់ និងខ្យល់ស្ងួតជានិច្ច ហើយវាមានល្បាប់ពណ៌ខ្មៅ ដែលផ្តល់ឲ្យអ្នកទេសចរយកមកលាបខ្លួន ដើម្បីសំដិលថ្ងៃដូចការទៅចូលហាងស្ប៉ាទៀតផង។
សម្រាប់រដូវក្តៅ មានសីតុណ្ហភាពចន្លោះពី ៣២ ទៅ ៣៩អង្សាសេ និងរដូវរងារចន្លោះពី ២០ ទៅ ២៣អង្សាសេ។ សមុទ្រមរណៈមានទីតាំងស្ថិតនៅត្រង់ព្រំប្រទល់ប្រទេសហ្សកដានី អ៊ីស្រាអែល និងប៉ាឡេស្ទីន។
សមុទ្រមរណៈ ឬ Dead Sea នេះ មានទំហំ ៦០៥គីឡូម៉ែត្រក្រឡា បណ្តោយប្រវែង ៥០គីឡូម៉ែត្រ ទទឹង ១៥គីឡូម៉ែត្រ ជម្រៅ ៣០៦ម៉ែត្រ និងមានទីតាំងស្ថិតនៅអាស៊ីខាងលិច (Western Asia)។
សមុទ្រមរណៈមានភាពអស្ចារ្យជាច្រើន ដែលទាក់ទាញអ្នកទេសចរណ៍មកទស្សនាកំសាន្ត និងហែលទឹកលេងយ៉ាងច្រើនកុះករ។ សមុទ្រមរណៈនេះដែរ មាននីវ៉ូទាបជាងនីវ៉ូទឹកសមុទ្រដល់ទៅ ៤១៧.៥ម៉ែត្រ ដែលត្រូវបានរាប់បញ្ចូលជាតំបន់ទាបបំផុតលើពិភពលោក៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា