៧ថ្ងៃដើមឆ្នាំស្លាប់៣១នាក់ របួស៩០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (Video Inside)
មន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា មនុស្ស២២នាក់បានស្លាប់ និង៧៧នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងរយៈពេល៦ថ្ងៃដើមឆ្នាំ២០២៤។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា គ្រោះថ្នាក់ដែលបង្កការស្លាប់ និងរបួសសរុប៩៩នាក់នេះ គឺរវាងពីថ្ងៃទី២មករាដល់៧មករា។ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបានរាប់បញ្ចូលដល់ករណីកើតឡើងថ្ងៃទី១មករាឆ្នាំ២០២៤ឡើយ។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១មករាឆ្នាំ២០២៤នោះ គ្រោះថ្នាក់ចរាចរណ៍ទួទាំងប្រទេស បានសម្លាប់មនុស្ស៩នាក់ និងបង្ករងរបួសធ្ងន់ និងស្រាល ១៣នាក់។ ដូច្នេះបើគិតសរុបពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី១រហូតដល់៧មករា, ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មាន សរុប ៣១នាក់ និងអ្នករងរបួសធ្ងន់ និងស្រាលចំនួនសរុប៩០នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងថា «មិនខុសពីឆ្នាំ២០២៣ឡើយ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហារសើប ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង គឺជួបគ្រោះថ្នាក់ច្រើនជាងគេដដែល ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របស់យើងកាន់តែរីកចម្រើនជាលំដាប់»។