ក្រសួងមហាផ្ទៃបញ្ជាក់ការបង្ក្រាបទីតាំងល្បែងស៊ីសងចំនួន ២០កន្លែងរយៈពេល៦ថ្ងៃដើមឆ្នាំ (Video Inside)
មន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ទីតាំងល្បែងស៊ីសងចំនួន ២០ទីតាំង និងជនសង្ស័យ ២៣នាក់ ត្រូវបានបង្ក្រាបក្នុងរយៈពេល៦ថ្ងៃនាដើមខែមករាឆ្នាំ២០២៤។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ការបង្ក្រាបនេះបានធ្វើរវាងពីថ្ងៃទី២ ដល់៧មករា ក្នុងរាជធានី និងខេត្តចំនួន៨។ លោក ទូច សុឃៈ បានថ្លែងថា ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយផងដែរ ពីលើបញ្ហាគ្រឿងញៀន, បទល្មើសព្រហ្មទណ្ឌទូទៅ, ក្រុមក្មេងទំនើង, បញ្ហាចរាចរណ៍, ការជួញដូរមនុស្ស និងបញ្ហានានា ដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា»។ លោកបានថ្លែងថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ២៣នាក់ ទៅតុលាការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃដដែល បានថ្លែងថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ បានប្រព្រឹត្តទៅក្រោមទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅជូនប្រជាពលរដ្ឋ» ដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា។
អ្នកនាំពាក្យដដែល នៅបានបញ្ជាក់ផងដែរ ជុំវិញចំណាត់ការ របស់ក្រសួងមហាផ្ទៃ ជាមួយការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦ ដែលឈានដល់ការបញ្ចប់មុខតំណែងតួនាទី, បន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌ លើមន្ត្រីនគរបាលមួយចំនួន ដែលក្នុងនោះ មានមន្ត្រីមួយចំនួន ត្រូវបានចាត់វិធានការណ៍ ដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗទៀត ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង»៕