សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប ពិសេសវិស័យហរិញ្ញវត្ថុ និងធនាគារ ។ តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ វិច្ឆិកា ២០២៣ បានផ្តល់ឱកាសដល់ដៃគូទាំងពីរក្នុងការសហការគ្នាបន្ថែមកាន់តែស្អិតរមួត តួយ៉ាងធនាគារវីង (ខេមបូឌា) ម.ក គឺជាដៃគូដែលបានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើនកន្លងមករួចទៅហើយ ប៉ុន្តែតាមរយៈ បច្ចេកវិទ្យាថ្មី គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» របស់ធនាគារវីង នឹងអាចជាផ្នែកមួយបន្ថែមក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា ។

ដោយឡែក មុំទី៥ ដែលជាអាទិភាពគន្លឹះរបស់រដ្ឋាភិបាល គឺផ្តោតលើបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយមានអាទិភាពចំនួន ២ ដ៏សំខាន់ៗនៃមុំទី៤ សម្រាប់វិស័យហិរញ្ញវត្ថុ៖ ទី១/ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនាវានុវត្តន៍ឌីជីថល ហើយទី២/ ការអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុ ។

ដើម្បីជាមុខព្រួញដ៏សំខាន់ក្នុងការអនុវត្តនូវមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចការបើកទំព័រនៃកិច្ចសហការរវាងរដ្ឋាភិបាល និងឯកជនឱ្យកាន់តែស្អិតរមួត ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈ នៃការយោគយល់ស្ដីពី “កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ដែលមានទិសដៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ដោយផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍ ៕

ដោយ ៖ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner