ក្រុមប្រឹក្សាសន្តិសុខយូអិនទាមទារឱ្យក្រុមហ៊ូទី បញ្ឈប់ការវាយប្រហារ នៅសមុទ្រក្រហមជាបន្ទាន់

អ.ស.ប៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃពុធសប្តាហ៍នេះ បានទាមទារឱ្យក្រុមហ៊ូទីនៅយេមែន បញ្ឈប់ការវាយប្រហារលើនាវាដឹកទំនិញនានា តាមច្រកសមុទ្រក្រហមជាបន្ទាន់។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តលើដំណោះស្រាយមួយ ដែលទាមទារឱ្យក្រុមហ៊ូទីបញ្ឈប់ជាបន្ទាន់ នូវរាល់ការវាយប្រហារនានា ដែលរារាំងដល់ការធ្វើពាណិជ្ជកម្មសកល និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពនាវាចរណ៍ ព្រមទាំងសន្តិភាព និងសន្តិសុខក្នុងតំបន់។

អង្គការសហប្រជាជាតិបាននិយាយថ្មីៗនេះថា ខ្លួននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅសមុទ្រក្រហម ដែលមិនត្រឹមតែប៉ះពាល់ដល់ស្ថានភាពក្នុងតំបន់ប៉ុណ្ណោះទេ តែថែមទាំងមានហានិភ័យដល់ការធ្វើពាណិជ្ជកម្មពិភពលោកផងដែរ។

ជាការឆ្លើយតប អង្គការសហប្រជាជាតិបានអនុម័តលើដំណោះស្រាយថ្កោលទោសធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី លើនាវាពាណិជ្ជកម្ម ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលដែលក្រុមហ៊ូទីវាយប្រហារ និងរឹបអូសយកកប៉ាល់ Galaxy Leader និងក្រុមនាវិក។

សូមជម្រាបថា ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាសលើអ៊ីស្រាអែល និងសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា ជាការឆ្លើយតបនោះ ក្រុមហ៊ូទីដែលគ្រប់គ្រងតំបន់នានានៃប្រទេសយេម៉ែន បានបង្កើនការវាយប្រហាររបស់ពួកគេ លើចរាចរណ៍ផ្លូវសមុទ្រអន្តរជាតិនៅសមុទ្រក្រហម។

លើសពីនេះ ក្រុមហ៊ូទីបានប្តេជ្ញាបន្តការវាយប្រហារ រហូតដល់អ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ ដោយសារតែការវាយប្រហាររបស់ក្រុមនេះ ទៅលើកប៉ាល់ពាណិជ្ជកម្ម ខ្សែដឹកជញ្ជូនជាច្រើនត្រូវផ្អាកប្រតិបត្តិការ ដោយប្រើទិសដៅវាងទៅឆ្ងាយៗជុំវិញទ្វីបអាហ្រ្វិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner