ឯកឧត្តម អ៊ាង សុផល្លែត ៖ កម្ពុជាបានប្តេជ្ញាខ្ពស់អនុវត្តវិធានប្រតិបត្តិ មាត្រាទី៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រនិងអនុម័តឱ្យអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ជុំវិញបញ្ហានេះថា៖” នាកន្លងមកកម្ពុជាបានធ្វើការលក់កាបូនតាមទីផ្សារស្ម័គ្រចិត្ត។ដោយឡែកបើយើងក្រឡេកទៅមើលកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ វិញឃើញថាបានអនុញ្ញាត្តិឱ្យយើងធ្វើអាជីវកម្មកាបូនតាមរយៈពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀត ។ លក្ខខណ្ឌនៃវិធានមាត្រាទី៦នេះដែរ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋភាគី និង ការធ្វើពាណិជ្ជកម្មនេះ ក៏បានបង្ហាញពីតម្លាភាព និងសុចរិតភាពថែមទៀត”។

ឯកឧត្តមជួបប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖តាមខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ ត្រង់ចំណុចមាត្រាទី៦.៤ បានចែងពីការធ្វើអាជីវកម្មកាបូន ។ ដូចយើងដឹងស្រាប់ហើយថា ការប្រែប្រួលអាកាសធាតុនឹងកើតមានឡើង ហេតុនេះចាំបាច់ណាស់យើងត្រូវនាំគ្នាកាត់បន្ថយវាពោលគឺកាត់បន្ថយផ្ទះកញ្ចក់ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនេះឯង។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា៖ត្រង់មាត្រាទី៦.៤នេះដែរបានចែងថា៖យើងអាចទិញលក់ កាបូនបានក្នុងនេះយើងអាចធ្វើតាមវិធានការ ៣យ៉ាង ទី១ គឺតាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត ទី២តាមរយៈរដ្ឋាភិបាលមួយជាមួយរាជរដ្ឋភិបាលមួយទៀត និង ទី៣តាមរយៈទីផ្សារកាបូនទាំងអស់ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ឬអាចនិយាយបានថា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ”។

កញ្ញា Shomi Kim តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងការធ្វើអាជីវកម្មកាបូននាកន្លងមកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល (GGGI)បានជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំខ្លួនដើម្បីអនុវត្តនូវវិធាន មាត្រាទី៦ ដែលបានចែងពីការធ្វើអាជីវកម្មកាបូន ជាពិសេសគឺជាក្របខណ្ឌមួយសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេរភាគីរវាងប្រទេសពោលគឺរវាងប្រទេសអ្នកទិញនិងប្រទេសអ្នកលក់ អាចចូលរួមសហការគ្នា បានដើម្បីកាត់បន្ថយ និងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈការអនុវត្តវិធាន មាត្រាទី៦ នៃកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុនេះដែរ យើងបានធ្វើសិក្ខាសាលាជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធនៅកម្ពុជាបានយល់ និងការអនុវត្តវិធានមាត្រា៦នេះ ប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា កម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ ហើយកម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំជាង ៧លានហិកតា ឬស្មើប្រមាណ៤១ភាគរយនៃផ្ទៃដីប្រទេសទាំងមូល។ កន្លងមក កម្ពុជាបានលក់កាបូនក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត នៅដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី។ ថវិកាដែលទទួលបានពីការលក់កាបូន គឺយកទៅអភិវឌ្ឍសហគមន៍ និងអភិរក្សតំបន់ការពារធម្មជាតិផ្សេងៗ ៕

អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖ លោក គ្រី សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner