សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតិកាលទី៥ មណ្ឌលភូមិភាគទី១ និងភូមិភាគទី៣

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅនីតិកាលទី៥ មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧មករា។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សនយោបាយ ចំនួន៤ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី១ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សឆន្ទៈខ្មែរ បានលេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណកប្សកម្លាំងជាតិលេខរៀងទី៤។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតនេះ គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ៕
ដោយ៖ពលជ័យ

ads banner