ប៉ាគីស្ថាន និងអ៊ីរ៉ង់ព្រមព្រៀងបន្ធូរបន្ថយភាពតានតឹង ក្រោយការវាយប្រហារតាមផ្លូវអាកាសដាក់គ្នា
អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថាន និងអ៊ីរ៉ង់ នៅថ្ងៃសុក្រទី១៩ ខែមករានេះ បានយល់ព្រមបន្ធូរបន្ថយភាពតានតឹង ក្រោយប្រទេសទាំងពីរបើកការវាយប្រហារតាមផ្លូវអាកាស លើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក ក្នុងសប្តាហ៍នេះ។
បន្ទាប់ពីការជជែកគ្នាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ចាលីល អាបាស់ ជីឡានី និងសមភាគីអ៊ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៊ីយ៉ាន បានយល់ព្រមសម្របសម្រួលជិតស្និទ្ធរវាងប្រទេសទាំងពីរ លើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការព្រួយបារម្ភទៅវិញទៅមក ក៏ដូចជាបន្ថូរបន្ថយស្ថានការណ៍តានតឹង។
បន្ទាប់ពីការសន្ទនានេះ ប្រមុខការទូតអ៊ីរ៉ង់ លោក អាមៀ អាប់ដូឡាហ៊ីយ៉ាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការបំផ្លាញជំរុំភេរវករនៅប៉ាគីស្ថាន គឺរឿងសំខាន់។
គួរបញ្ជាក់ថា ការបន្ធូរបន្ថយភាពតានតឹងរវាងប៉ាគីស្ថាន-អ៊ីរ៉ង់ កើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ ដែលជាសកម្មភាពបំពានឆ្លងព្រំដែនមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនាំឲ្យមានការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែខ្លាំងក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា