សម្តេចតេជោផ្តល់ទស្សនៈនយោបាយ រួមចំណែកដោះស្រាយភាពស្មុគស្មាញ របស់ពិភពលោក (Video Inside)
ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដោះស្រាយភាពស្មុគស្មាញ របស់ពិភពលោក ដែលបច្ចុប្បន្ននេះ កំពុងតែប្រឈមនឹងវិបត្តិសង្គ្រាមធំ២ ដែលបង្កវិបត្តិនានា រួមទាំងសេដ្ឋកិច្ច និងនយោបាយដល់ពិភពលោក។
ការផ្តល់ទស្សនៈនយោបាយនេះ បានធ្វើឡើងក្នុងឱកាសដែល «គណបក្សរុស្ស៊ីរួបរួម» បានរៀបចំកិច្ចប្រជុំតុមូលអន្តរគណបក្សតាមប្រព័ន្ធវីដេអូ នាថ្ងៃទី២២ មករា ឆ្នាំ២០២៤ ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយប្រកបដោយយុត្តិធម៌»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកិច្ចប្រជុំតុមូល រវាងបណ្តាថ្នាក់ដឹកនាំគណបក្សនយោបាយតាមប្រព័ន្ធវីដេអូ ក្រោមការរៀបចំរបស់ប្រធាន «គណបក្សរុស្ស៊ីរួបរួម» លោក ឌីមីទ្រី ម៉េតវីដេហ្វ «មានសារៈប្រយោជន៍យ៉ាងក្រៃលែង ដើម្បីផ្តល់លទ្ធភាពស្វែងរកដំណោះស្រាយរួមគ្នា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍន៍ នៅក្នុងតំបន់និងនៅក្នុងពិភពលោក»។
កិច្ចប្រជុំរវាងបណ្តាគណបក្សនយោបាយតាមប្រព័ន្ធវីដេអូនេះ បានទន្ទឹមនឹងភាពក្តៅគគុក នៃការប្រកួតប្រជែងឥទ្ធិពលនយោបាយរបស់ប្រទេសមហាអំណាច និងក្នុងនោះប្រទេសអាស៊ាន គឺជាចំណុចមួយដែលកំពុងក្លាយជាការអូសទាញ របស់ប្រទេសមហាអំណាច ក្នុងស្ថានការណ៍ដែលពិភពលោក កំពុងមានសង្គ្រាម២កើតឡើងរួចមកហើយនេះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់នូវជំហររបស់កម្ពុជាក្នុងពេលនោះថា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី, កម្ពុជាប្តេជ្ញាបន្តពង្រឹងថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៊ី ជាពិសេសអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ២០២១-២០២៥។
សម្តេចតេជោ ហ៊ុន សែន ក្នុងស្ថានការណ៍ដែលភាពប្រឈមកើតឡើង ក្នុងពិភពលោកនាពេលនេះ និងដែលមិនធ្លាប់មានពីអតីតកាលនោះ បានអំពាវនាវការរួមគ្នាពង្រឹងការរៀបចំសណ្តាប់ធ្នាប់ពិភពលោក ផ្អែកលើច្បាប់ប្រកបដោយយុត្តិធម៌។